Cctimesw1140xh150cm copy

អ្នកវិនិយោគអាម៉េរិក-ចិន-កម្ពុជាជាង៥០នាក់ជួបគ្នានៅភ្នំពេញសិក្សាពី«ឱកាសវិនិយោគ»នៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កម្មវិធី "ស្វែងយល់ពីកម្ពុជា"រៀបចំនៅ សណ្ឋាគារ Sun and Moon ក្នុងរាជធានីភ្នំពេញ ថ្ងៃទី ២៤ កុម្ភៈ ឆ្នាំ២០២៤។

ភ្នំពេញ៖ អ្នកវិនិយោគ និងជាម្ចាស់ក្រុមហ៊ុនធំៗមកពីសហរដ្ឋអាម៉េរិក ចិន និងនៅកម្ពុជា នៅថ្ងៃទី ២៤ ខែកុម្ភៈនេះ បានជួបប្រជុំគ្នា នៅក្នុងទីក្រុងភ្នំពេញរបស់ប្រទេសកម្ពុជា ដើម្បីសិក្សាស្វែងយល់ពីឱកាសវិនិយោគក្នុងប្រទេសកម្ពុជា។ពិធីនេះរៀបចំឡើង នៅសណ្ឋាគារ Sun and Moon ក្រោមការសហការរវាងឧកញ្ញា ស៊ ធីតា និង ស្ថាប័នAREAA Global អន្តរជាតិ។

តំណាងអ្នកវិនិយោគអាម៉េរិកដឹកនាំដោយលោក Allen Chiang ប្រធាន AREAA Global និង ជាស្ថាបនិកក្រុមហ៊ុន Presidential Real Estate លោកស្រី Carmen Chong នាយក​ប្រតិបត្តិ AREAA Global និង ជាប្រធានក្រុមហ៊ុន CC Legacy Financial Corporation ព្រមទាំង​អ្នកវិនិយោគជាច្រើនរូបទៀត។

លោក អ៉ិន មាន ទីប្រឹក្សា AREAA Global ប្រចាំនៅកម្ពុជា បានថ្លែងថា កម្មវិធីរៀបចំឡើងក្រោមប្រធានបទ "ស្វែងយល់ពីកម្ពុជា" (UpClose Cambodia) ទៅដល់ក្រុមអ្នកវិនិយោគជាតិ និង អន្តរជាតិ ដើម្បីផ្តល់ជូនដល់ក្រុមអ្នកវិនិយោគយល់កាន់តែច្បាស់ពីសក្កានុពលរបស់ប្រទេសកម្ពុជាទាំង ភូមិសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធនានា និង ច្បាប់វិនិយោគ។សម្រាប់លោក អ៉ិន មាន ការមកដល់របស់អ្នកវិនិយោគអន្តរជាតិធំៗមកកម្ពុជាពេលនេះ គឺជាភាពជោគជ័យ ក្រោយលោកជាមួយក្រុមការងារព្យាយាមអស់ជាច្រើនឆ្នាំទាក់ទងពួកគេ។

គួរបញ្ជាក់ថា ស្ថាប័ន AREAA Global មានស្នាក់ការកណ្តាលរបស់ខ្លួនក្នុងទឹកដីសហរដ្ឋអាម៉េរិក គឺជាស្ថាប័នមួយមានសមារជិកភាគច្រើនជាម្ចាស់ក្រុមហ៊ុនធំនៅចិន អាម៉េរិក និងនៅក្នុងតំបន់អាស៊ី។បច្ចុប្បន្នសមាជិកសរុបចំនួនជិត២ម៉ឺននាក់ ចែកចេញជា៥១ជាតិសាស្ត្រ អាចនិយាយចំនួន២៦ភាសារ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រុមអ្នកវិនិយោគអន្តរជាតិ បានបង្ហាញសប្បាយរីករាយពេលមកដល់ប្រទេសកម្ពុជា។សម្រាប់អ្នកវិនិយោគយល់ថា កម្ពុជាមាន សន្តិសុខ សុវត្តិភាព និង បរិស្ថានល្អ ខុសពីការផ្សព្វផ្សាយមួយចំនួន ហើយជាពិសេសជាងនេះទៅទៀតនោះ គឺប្រជាជនកម្ពុជាមានភាពរាកទាក់ល្អគួរជាទីគោរពស្រឡាញ់ដូចពាក្យមួយថា «ប្រទេសតូចតែបេះដូងធំ»

ក្រោយចប់កម្មវិធី "ស្វែងយល់ពីកម្ពុជា" លោក អ៉ិន មានរំពឹងថា ក្រុមអ្នកវិនិយោគទាំងអស់នឹងកាន់តែទំនុកចិត្តពីការវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសវិស័យអចលនទ្រព្យ ដែលមានបរិយាកាសអំណោយផលជាច្រើនទាំងកត្តាធម្មជាតិ កត្តាភូមិសាស្ត្រ និង កត្តានយោបាយ ហើយកម្មវិធីនេះក៏បានណែនាំអំពីច្បាប់ ប្រព័ន្ធពន្ធដារ និងភាពងាយស្រួលនៃការផ្ទេរប្រាក់ ដែលត្រូវបានបង្ហាញ ដោយអ្នកជំនាញក្នុងស្រុកមកពីស្ថាប័នផ្សេងៗ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង