ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានទទួល រថយន្តគិលានសង្គ្រោះចំនួន 0១គ្រឿង វែនតាចំនួន ៤,២០០គ្រឿង ដែលជាជំនួយឥតសំណងរបស់លោក Susumu Tai កុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងសេនដៃ (Sendai) ប្រទេសជប៉ុន ក្រោមអធិបតីភាពលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងសុខាភិបាលជាច្រើនទៀត។
នាឱកាសនេះ លោក ឈាង រ៉ា បានលើកឡើងអំពីតម្រូវការជំនួយនូវរថយន្តគិលានសង្គ្រោះបន្ថែមទៀត គ្រែសម្រាល និងឧបករណ៍ពិនិត្យផ្ទៃពោះ ជាតម្រូវចាំបាច់នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ស្រុក ខេត្តទាំងអស់ ក្នុងប្រទេសកម្ពុជា ដែលនេះជាការរួមចំណែកដ៏សំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជា និងការពង្រឹង សុខភាពមាតា និងទារក និងកុមារ និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសុខាភិបាលនៅកម្ពុជា ឈានទៅរកការគ្របដណ្តប់សុខភាពជាសកល។
ជាកិច្ចឆ្លើយតប កុងស៊ុលកិត្តិយសនៃប្រទេសជប៉ុន បានសន្យាបញ្ជាក់អំពីគោលជំហរពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការគាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល តាមរយៈការខិតខំស្វែងរកជំនួយជារថយន្តគិលានសង្គ្រោះ និងឧបករណ៍សម្ភារៈ បរិក្ខារវេជ្ជសាស្ត្រ ឲ្យចំតម្រូវការជាក់ស្តែងរបស់ក្រសួងសុខាភិបាល ជារៀងរាល់ឆ្នាំ និងការផ្តល់អាហារូបករណ៍ បណ្ដុះបណ្តាលបន្តជូនដល់វេជ្ជបណ្ឌិតកម្ពុជា ទៅសិក្សាជំនាញផ្នែកជំងឺទឹកដក់ក្នុងភ្នែកនៅសាកលវិទ្យាល័យក្នុងទីក្រុងសេនដៃ ប្រទេសជប៉ុន ចាប់ពីឆ្នាំ២០២៤នេះ។
ជាចុងបញ្ចប់ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន តាមរយៈ ឯកឧត្តមកុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងសេនដៃ(Sendai) ក្នុងប្រទេសជប៉ុន ចំពោះជំនួយសប្បុរសនានា និងកិច្ចសហប្រតិបត្តិការយូរអង្វែង រវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ជាពិសេសបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន៕