Cc time web banner 054637

«វត្ថុបុរាណ»ចំនួន៣ផលិតឡើងនៅសតវត្សទី៩-១២និងសម័យបារាំងត្រូវបានប្រគល់ជូនសារមន្ទីរជាតិ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ពោធិ៍សាត់៖ព្រះតេជព្រះគុណ សាយ ជីវ័ន ព្រះគ្រូចៅអធិការវត្តព្រះហស្ថក្បាល ស្ថិតនៅក្នុងភូមិព្រះហស្ថក្បាល ឃុំផ្ទះរ៉ុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ បានប្រគល់វត្ថុបុរាណចំនួន៣ប្រភេទជូនសារមន្ទីរជាតិ ដើម្បីសិក្សាស្រាវជ្រាវ។វត្ថុបុរាណចំនួនបី រួមមាន៖

១. ក្រឡធំលាបស្រទាប់រលោងពណ៌ត្នោត ជាប្រភេទកម្រ ព្រោះក្រឡនេះមានទំហំធំនិងមានរូបរាងល្អពេញលេញ ដែលមិនធ្លាប់ប្រទះឃើញនាពេលកន្លងមក។ តាមរយៈការវិភាគលើរូបរាង សាច់ដី ក្បាច់លម្អ និងស្រទាប់រលោងក្រុមការងារជំនាញបានសន្និដ្ឋានថា ក្រឡធំនេះផលិតឡើងនៅសម័យអង្គរនារវាងស.វ.ទី១២-១៣។ ដោយឡែកតួនាទីនៃការប្រើប្រាស់ក្រឡធំនេះ ក្រុមការងារកំពុងវិភាគបន្ថែម។

២. ក្អមទឹកសម័យអង្គរនារវាងស.វ.ទី៩-១០។ ក្អមប្រភេទនេះ ជាប្រភេទភាជន៍រឹងគ្មានស្រទាប់រលោង ហើយច្រើនប្រទះឃើញនៅក្រុមឡបង្កោងនិងតានី ក្នុងតំបន់អង្គរ។

៣. ដាវត្រួតពលសម័យបារាំងនារវាងឆ្នាំ១៨៦៣-១៩៤០ បានប្រទះឃើញនៅក្នុងបរិវេណវត្តកាលពី១០ឆ្នាំមុន។

ក្រសួងវប្បធម៌ បានទូលស្នើសុំវត្ថុបុរាណទាំងនោះ យកមករក្សាទុកនៅសារមន្ទីរជាតិដើម្បីអភិរក្ស ដាក់តាំងបង្ហាញ និង ផ្សព្វផ្សាយជូនដល់សាធារណជនជាតិនិងអន្តរជាតិឈ្វេងយល់ពីភាពសំបូរបែបនៃមរតកវប្បធម៌ខ្មែរដែលបន្សល់ទុក ក្រៅពីរូបចម្លាក់និងប្រាង្គប្រាសាទ។ ម្យ៉ាងទៀត វត្ថុបុរាណទាំងនេះ ជាផ្នែកមួយនៃការបង្ហាញពីបរិបទនៃប្រវត្តិសាស្ត្រនិងការវិវត្តអារ្យធម៌ខ្មែរសម័យអង្គររហូតដល់សម័យអាណានិគមបារាំង។បច្ចុប្បន្ន វត្ថុបុរាណទាំងបីមុខកំពុងរក្សាទុកនៅក្នុងរោងជាងជួសជុលនៃសារមន្ទីរជាតិកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង