Cctimesw1140xh150cm copy

អាជ្ញាធរខេត្តកំពង់ចាមចាត់វិធានការលើជនចាក់ថ្មចូលទន្លេ និងតម្រូវឲ្យយកចេញក្នុងរយៈពេល៧០ថ្ងៃ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ២២ កុម្ភៈ បានរកឃើញថា មានសកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ដែលមានទីតាំងស្ថិតនៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ដោយសកម្មភាពនេះ បានចាប់ផ្ដើមកាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤មកម្ល៉េះ។ ការចាក់ថ្មនេះ គឺចាក់ចូលទៅក្នុងផ្ទៃទន្លេប្រវែង៥៥ម៉ែត្រ និងគ្រោងចាក់បណ្តោយទន្លេប្រវែង២៩៤.៦ម៉ែត្រ ដោយបច្ចុប្បន្នទើបចាក់បានប្រវែង១៣០ម៉ែត្រតែប៉ុណ្ណោះ។ សកម្មភាពនៃការចាក់ថ្មចូលផ្ទៃទន្លេនេះ គឺពុំមានច្បាប់អនុញ្ញាតឡើយ។

ជាវិធានការបន្ទាន់ រដ្ឋបាលខេត្តកំពង់ចាម បានកំណត់ឱ្យភាគីម្ចាស់ដី ដែលកំពុងធ្វើសកម្មភាពចាក់ថ្ម ចូលផ្ទៃទន្លេនេះ ត្រូវតែបញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដោយគ្មានច្បាប់អនុញ្ញាត ទោះក្នុងហេតុផលណាមួយក៏ដោយ។ ម្យ៉ាងវិញទៀត ភាគីម្ចាស់ដីត្រូវកាយនិងយកថ្មដែលបានចាក់រួចហើយនោះចេញវិញឱ្យអស់ក្នុងរយៈពេលយ៉ាងយូរ៧០ថ្ងៃជាកំណត់ និងមិនត្រូវកាយពង្រាយទម្លាក់ចូលក្នុងទឹកទន្លេឡើយ ដើម្បីបញ្ចៀសផលប៉ះពាល់ទៅថ្ងៃក្រោយសម្រាប់ការធ្វើចរាចរណ៍តាមផ្លូវទឹក។ ក្នុងនោះភាគីម្ចាស់ដីត្រូវរាយការណ៍អំពីវឌ្ឍនភាពនៃការកាយថ្មនេះមករដ្ឋបាលខេត្តកំពង់ចាមមួយខែម្តងនៅរៀងរាល់ចុងខែនីមួយៗ ហើយក្រុមការងាររបស់រដ្ឋបាលខេត្តកំពង់ចាមនឹងបន្តចុះពិនិត្យ តាមដានការអនុវត្តវិធានការនេះនៅរៀងរាល់មួយសប្តាហ៍ម្ដង ឬតាមពេលវេលាជាក់ស្តែង។

រដ្ឋបាលខេត្ត បានបញ្ជាក់ថា នេះគ្រាន់ជាវិធានការបឋមប៉ុណ្ណោះ ចំពោះវិធានការបន្ទាប់ គឺរដ្ឋបាលខេត្ត កំពុងសិក្សាតាមផ្លូវច្បាប់ ដើម្បីស្នើដាក់បន្ទុកទៅលើជនល្មើសបន្ថែមទៀត។ ដោយឡែក រដ្ឋបាលខេត្តកំពង់ចាម ក៏បានអរគុណដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន ដែលបានផ្តល់ព័ត៌មានពិតប្រាកដ ហើយទាន់ហេតុការណ៍មករដ្ឋបាលខេត្ត ដើម្បីមានវិធានទប់ស្កាត់បទល្មើសនានា ក្នុងខេត្តកំពង់ចាម៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង