Cctimesw1140xh150cm copy

ក្រុមហ៊ុនចិនកំពុងពន្លឿនការសិក្សាសាងសង់«ផ្លូវរថភ្លើងធុនស្រាល»២កន្លែងនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ក្រុមហ៊ុន China Metro Group ក្នុងជំនួបជាមួយលោកក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់លើការវិនិយោគលើប្រព័ន្ធដឹកជញ្ជូនដោយរថភ្លើងធុនស្រាល(LRT)នៅកម្ពុជា។ក្នុងជំនួបនោះភាគីក្រុមហ៊ុន China Metro Group របស់ចិនបង្ហាញវឌ្ឍនភាពការសិក្សាលើគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលចំនួនពីរខ្សែនៅកម្ពុជា។

បច្ចុប្បន្នក្រុមហ៊ុននេះ កំពុងសិក្សាលើគម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប-អង្គរ ទៅកាន់ក្រុងសៀមរាប និង គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ មកកាន់រាជធានីភ្នំពេញ។បើតាមអ្នកនាំពាក្យក្រសួងសាធារណការ គម្រោងទាំងពីរនេះមិនទាន់ចេញលទ្ធផលពីការចំណាយថវិកា និងពេលវេលានៅឡើយទេ។

ក្រសួងសាធារណការយល់ថា រថភ្លើងធុនស្រាល សំដៅលើមធ្យោបាយសម្រាប់ដឹកជញ្ជូនអ្នកដំណើរពីតំបន់មួយទៅតំបន់មួយក្នុងទីក្រុង ក៏ដូចជាអនុតំបន់ជាយៗទីក្រុង។ ដូច្នេះរថភ្លើងធន់ស្រាលនេះ មានប្រវែងខ្លី ស្រាល បត់បែនបានលឿន ហើយសម្រាប់តែដឹកអ្នកដំណើរ មិនសម្រាប់ដឹកទំនិញទេ ហើយវាប្រែប្រួលចំនួនទូរទៅតាមចំនួនអ្នកដំណើរ និងភាពចាំបាច់។

បើតាមក្រសួងសម្រាប់កម្ពុជា ជាទស្សនវិស័យរួមលើការវិនិយោគការសាងសង់ផ្លូវរថភ្លើងធុនស្រាលនេះ គឺដើម្បីបម្រើឱ្យប្រជាពលរដ្ឋក្នុងទីក្រុង ក៏ដូចជាតំបន់ទីប្រជុំជន និងភ្ជាប់ទៅប្រលានយន្តហោះ។

គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិនកាលពីចុងឆ្នាំ២០២៣សម្តេច ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យលោក លី ខ័រ (Li Kuo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Metro Group ចូលជួបសម្តែងការគួរសម។សម្តេចបានប្រកាសគាំទ្រ ម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលចំនួនពីរខ្សែរ គឺ៖ (i) គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយាន្តដ្ឋានអន្តរជាតិខេត្តសៀមរាប-អង្គរ ទៅកាន់ក្រុងសៀមរាប និង (ii) គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ទៅកាន់រាជធានីភ្នំពេញ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង