ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជដ៏ឈានមុខគេមួយក្នុងប្រទេសកម្ពុជា បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវទីតាំងថ្មីនៃសាខា ខណ្ឌ៧មករា - សង្កាត់វាលវង់ “ក” (អតីតសាខាអូឡាំពិក)។ ទីតាំងថ្មីនេះស្ថិតនៅ ហ្គោលឌិន សឃ្វែរ ដែលជាអគារពាណិជ្ជកម្មដែលបំពាក់ដោយគ្រឿងបរិក្ខារទំនើប និងស្ថិតលើមហាវិថីព្រះសីហនុ។ ដងមហាវិថីព្រះសីហនុ ត្រូវបានគេដឹងថាជាតំបន់ប្រកបដោយអាជីវកម្មសំបូរបែប តាមរយៈសកម្មភាពហិរញ្ញវត្ថុ និងពាណិជ្ជកម្មផ្សេងៗយ៉ាងរស់រវើក។
សាខាខណ្ឌ៧មករា - សង្កាត់វាលវង់ “ក” ដែលជាទីតាំងថ្មីនេះ ផ្តល់នូវសេវាកម្មហិរញ្ញវត្ថុពេញលេញ ជាមួយនឹងបច្ចេកវិទ្យាសេវាកម្មធនាគារឈានមុខ គ្រឿងបរិក្ខារទំនើបៗ ក៏ដូចជាបន្ទប់សេវាកម្មធនាគារអាទិភាព ដែលមានទីតាំងធំទូលាយ មានផាសុខភាព សម្រាប់អតិថិជន គ្រប់ជាន់ថ្នាក់ ដែលមានបំណងក្នុងការបើកគណនីធនាគារផ្ទាល់ខ្លួន ឬម្ចាស់អាជីវកម្មស្វែងរកហិរញ្ញប្បទាន សម្រាប់ពង្រីកប្រតិបត្តិការ ឬសហគ្រិនបរទេសផ្ញើប្រាក់ទៅកាន់ប្រទេសផ្សេង។
បន្ថែមពីលើនេះ ធនាគារ កាណាឌីយ៉ា សាខា ខណ្ឌ៧មករា - សង្កាត់វាលវង់ “ក” មានបុគ្គលិកប្រកបដោយចំណេះដឹងហិរញ្ញវត្ថុ និងសមត្ថភាពខ្ពស់ក្នុងការទំនាក់ទំនងច្រើនភាសា ដោយពួកគាត់តែងតែត្រៀមជានិច្ចក្នុងការផ្តល់នូវសេវាកម្មហិរញ្ញវត្ថុតាមគ្រប់តម្រូវការរបស់អតិថិជន។
ដើម្បីពង្រឹងនូវបទពិសោធន៍អតិថិជនលើសេវាកម្មធនាគារឌីជីថល សាខាបានបំពាក់នូវម៉ាស៊ីនធនាគារឌីជីថលស្វ័យសេវាជាច្រើនដូចជា ម៉ាស៊ីនបើកគណនីដោយខ្លួនឯង (VTM) ម៉ាស៊ីនបោះពុម្ពកាត (SEM) ម៉ាស៊ីនដាក់/ដកប្រាក់ (CRM) និងម៉ាស៊ីនដកប្រាក់ (ATM)។ ធនាគារ កាណាឌីយ៉ា សាខា ខណ្ឌ៧មករា - សង្កាត់វាលវង់ “ក” បើកបម្រើសេវាកម្មសម្រាប់អតិថិជនរៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ពីម៉ោង៨៖០០ព្រឹក រហូតដល់ម៉ោង៨៖០០យប់ ដោយម៉ាស៊ីនស្វ័យសេវាធនាគារនឹងដាក់បម្រើការ ២៤ម៉ោង/៧ថ្ងៃ សម្រាប់អតិថិជន។
លោក Raymond Sia Say Guan នាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាលនៃធនាគារ កាណាឌីយ៉ា មានក្តីសោមនស្សរីករាយក្រៃលែងក្នុងការដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវទីតាំងថ្មីនៃសាខា ខណ្ឌ៧មករា - សង្កាត់វាលវង់ “ក”។
លោកមានប្រសាសន៍ថា “យើងមានក្តីរីករាយដែលសាខាអូឡាំពិក ឥឡូវនេះប្តូរទៅជា សាខា ខណ្ឌ៧មករា - សង្កាត់វាលវង់ “ក” រកឃើញទីតាំងថ្មីស្ថិតនៅ ហ្គោលឌិន សឃ្វែរ។ ការប្តូរទីតាំងនេះបានសរបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់ធនាគារ ដោយការច្នៃប្រឌិត និងការផ្តោតសំខាន់លើបទពិសោធន៍អតិថិជន ដើម្បីនាំមកនូវផលិតផល និងសេវាកម្មធនាគារដ៏ល្អឈានមុខទៅកាន់អតិថិជន។ យើងខ្ញុំជឿជាក់ថា ទីតាំងថ្មីនេះនឹងបន្តបម្រើការទៅកាន់អតិថិជនកាន់តែមានប្រសិទ្ធភាព និងមានភាពងាយស្រួល ខណៈដែលពង្រីកបណ្តាញវត្តមានរបស់យើងនៅក្នុងរាជធានីភ្នំពេញ។”
“ខណៈពេលដែលយើងមានសេចក្តីសោមនស្សរីករាយជាមួយនឹងទីតាំងថ្មី និងសាខាប្រកបដោយការកែលំអថ្មី យើងខ្ញុំនៅតែប្រកាន់ខ្ជាប់ថា សេវាកម្មធនាគារល្អ គឺមិនមែនផ្តោតទៅលើតែអគារ និងគ្រឿងបរិក្ខារថ្មីទាំងស្រុងនោះទេ។ សេវាកម្មធនាគារល្អ ក៏មិនមែនផ្តោតទៅលើតែសេវាកម្មធនាគារឌីជីថលល្អផងដែរ ខណៈដែលធនាគារជាច្រើនបានចាប់ផ្តើមធ្វើបរិវត្តកម្មឌីជីថលលើសេវាកម្ម និងផលិតផលហិរញ្ញវត្ថុ។”
“សេវាកម្មធនាគារ គឺកកើតឡើងពីមូលដ្ឋានគ្រឹះដែលផ្តោតសំខាន់លើការជឿទុកចិត្ត និងការផ្តោតលើអតិថិជន។ នៅធនាគារ កាណាឌីយ៉ា យើងខ្ញុំមានមោទនភាពនៃបេតិកភណ្ឌ និងមូលដ្ឋានគ្រឹះដ៏រឹងមាំរបស់យើង ដែលស្ថាបនាដោយស្ថាបនិកធនាគារ អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ តាំងពីឆ្នាំ១៩៩១មកម្ល៉េះ។ ជាភស្តុតាង “ទំនុកចិត្ត” និង “អតិថិជនជាចំបង” បានចាក់គ្រឹះយ៉ាងជាប់នៅក្នុងគោលតម្លៃស្នូលរបស់ធនាគារយើងខ្ញុំ។”
លោកបានបន្ថែមថា៖ “ធនាគារ កាណាឌីយ៉ា ជានិច្ចជាកាលតែងតែជាស្ថាប័នដែលពោរពេញដោយស្ថេរភាពហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ ក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ ធនាគារ កាណាឌីយ៉ា មានមោទនភាព និងតែងតែបន្តបម្រើសហគមន៍ ហើយយើងខ្ញុំនឹងប្តេជ្ញាបន្តបម្រើសេវាកម្មជាច្រើនឆ្នាំទៅមុខទៀត។ យើងខ្ញុំមានក្តីសោមនស្សរីករាយខ្លាំងណាស់ដែលអតិថិជនតែងតែបន្តផ្តល់នូវការគាំទ្រយ៉ាងមោះមុតជាច្រើនឆ្នាំមកនេះ ហើយយើងខ្ញុំសូមស្វាគមន៍អ្នកទាំងអស់គ្នាដើម្បីមកទទួលយកសេវាកម្មធនាគារនៅក្នុងទីតាំងថ្មីរបស់សាខា និងរីករាយជាមួយអត្ថប្រយោជន៍ផ្សេងៗ ក៏ដូចជាបរិក្ខារទំនើបប្រកបដោយផាសុខភាពផងដែរ៕”