Smart saver cctime web bannertif

រកឃើញជំងឺផ្ដាសាយបក្សី កើតលើក្មេងស្រីអាយុ ១៧ឆ្នាំ នៅខេត្តកំពត

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែកុម្ភៈ បានបញ្ជាក់ថា មានករណីជំងឺផ្ដាសាយបក្សី ចំនួន ១ករណីបន្ថែមទៀត បានកើតលើក្មេងស្រីម្នាក់អាយុ ១៧ឆ្នាំ ដែលមានទីលំនៅនៅភូមិដំណាកទ្រព្យខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត និងបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ។

យោងតាមវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទីនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានរកឃើញជំងឺផ្ដាសាយបក្សី បចំនួន ១ករណីទៀត កើតលើក្មេងស្រីអាយុ ១៧ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុស ផ្ដាសាយបក្សី ប្រភេទហាស់៥ អុិន១(H5N1)។ ជំងឺដែលកើតលើក្មេងស្រីនេះ មានលក្ខណៈគ្រុនក្ដៅ ក្អក់ ហត់ និងពិបាកដកដង្ហើម។ បច្ចុប្បន្ន ស្ថានភាពអ្នកជំងឺបានធូរស្រាល និងកំពុងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ តាមរយៈការសាកសួររបស់ក្រុមគ្រូពេទ្យបង្ហាញ់ថា ប្រហែល៥ថ្ងៃ មុនចាប់ផ្ដើមឈឺ នៅផ្ទះអ្នកជំងឺ មានមាន់ងាប់ចំនួន ៧ក្បាល់។

ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការជាមួយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេសបន្តការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្ត ស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំង ចែកជូនឱសថតាមីហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋ នៅក្នុងភូមិដែលកើតហេតុខាងលើ។

ក្រសួងសុខាភិបាល បានក្រើនរំលឹកសារជាថ្មីម្តងទៀត ដល់ពលរដ្ឋឲ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាម កំហែងដល់សុខភាពប្រជាពលរដ្ឋ ប្រសិនបើមានអាការៈក្ដៅខ្លួន ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តធ្លាប់ប៉ះពាល់ជាមួយមាន់ទាឈឺ ឬស្លាប់ ត្រូវផ្ដល់ដំណឹង ឬពិគ្រោះយោបល់ជាមួយក្រសួងសុខាភិបាលឲ្យបានឆាប់រហ័សបំផុត៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង