សៀមរាប៖ គម្រោងសិល្បៈសហគមន៍កុមារដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ «ក្បួនដង្ហែតុក្កតាយក្ស» ត្រឡប់មកវិញនាថ្ងៃទី២៤ កុម្ភៈ ខាងមុខនេះ ចាប់ពីម៉ោង ៦:៣០នាទីល្ងាច។ កម្មវិធីក្បួនដង្ហែតុក្កតាយក្ស នឹងចាប់ផ្តើមក្បួនពីវត្តដំណាក់ មកតាមផ្លូវដងស្ទឹងសៀមរាប។
តុក្កតាយក្សដាយណូស័រចំនួន៩ នឹងត្រូវបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ក្បួនដង្ហែតុក្កតាយក្ស ឆ្នាំ២០២៤។ សិល្បករបានដឹកនាំសិក្ខាសាលារយៈពេលបីថ្ងៃជាមយយកុមារ ក្នុងការបង្កើតតុក្កតាយក្សដាយណូស័រ ចំនួន៩។ ក្រៅពីដង្ហែរក្បួនតុក្កតាយក្ស ព្រឹត្តិការណ៍នេះក៏មាន ល្ខោនសៀក កម្ពុជា ហ្វារ សម្លេងនៃអង្គរ និងការប្រគំតន្ដ្រីផ្ទាល់ផ្សេងៗទៀត។
ក្បួនដង្ហែតុក្កតាយក្ស រៀបចំឡើងក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យមកទស្សនាខេត្តសៀមរាប ស្របតាមយុទ្ធសាស្រ្តរបស់ក្រសួងទេសចរណ៍បានដាក់ចេញ ដែលជាកន្លែងតំបន់ទេសចរណ៍ពិភពលោកបានស្គាល់ និងបានឃើញយ៉ាងពិតប្រាកដ។
សូមជម្រាបថា នៅវេលាម៉ោង ៦:៣០នាទីល្ងាច ក្បួនដង្ហែតុក្កតាយក្ស នឹងធ្វើការរៀបចំដង្ហែចេញពីវត្តដំណាក់ឆ្វែលជុំវិញ រួចហើយយកទៅដាក់តាំងនៅក្នុងសួនច្បារព្រះដំណាក់រយ:ពេល ៥ថ្ងៃ ទុកឱ្យភ្ញៀវជាតិ និងអន្តរជាតិ ថតយករូបភាពទុកធ្វើជាអនុស្សាវរីយ៍៕