Cc time web banner 054637

សារមន្ទីរខេត្តបាត់ដំបងជាកន្លែងប្រមូលផ្តុំ«វប្បធម៌ សិល្បៈ និងស្នាដៃស្ថាបត្យកម្ម»

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី​
/

បាត់ដំបង៖ សារមន្ទីរខេត្តបាត់ដំបង ជាកន្លែងប្រមូលផ្តុំនូវវប្បធម៌ សិល្បៈ និងស្នាដៃស្ថាបត្យកម្ម ដែលកកើតតាំងពីសម័យសង្គមរាស្រ្តនិយម។ សារមន្ទីរនេះ ត្រូវបានដាក់សម្ភោធឱ្យប្រើប្រាស់នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ១៩៦៨ ដោយស្ថាបត្យករ យាង (Yieng) ដែលជាស្ថាបត្យករប្រចាំខេត្តបាត់ដំបង និងធ្វើការជាមួយមន្ទីរសាធារណៈការ និងដឹកជញ្ជូន នាសម័យនោះ។

សារមន្ទីរខេត្តបាត់ដំបង មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ១ រ៉ប់ដងស្ទឹងសង្កែ ក្រុងបាត់ដំបង ជិតវិមានឯករាជ្យ និងត្រូវបានគ្រប់គ្រងដោយ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។ សារមន្ទីរខេត្តដំបង ត្រូវបានគេចាត់ទុកថា ជាកន្លែងប្រមូលផ្តុំនូវគ្រប់ផ្ទាំងទស្សនីយភាព ដែលរួមបញ្ចូលនូវផ្នែកវប្បធម៌ សិល្បៈ ចម្លាក់ក្បូរក្បាច់ រចនា និងសំណង់ស្ថាបត្យកម្មដ៍ល្អឯកផងដែរ។

បើតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបង សារមន្ទីរនេះ ត្រូវបានដាក់សម្ភោធឱ្យប្រើប្រាស់នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ១៩៦៨ ដោយស្ថាបត្យករ យាង (Yieng) ដែលជាស្ថាបត្យករប្រចាំខេត្តបាត់ដំបង និងធ្វើការជាមួយមន្ទីរសាធារណៈការ និងដឹកជញ្ជូន នាសម័យនោះ។ ចំពោះស្ថាបត្យកម្មនៃអគារសារមន្ទីរនេះ មើលទៅហាក់ដូចជាបុរាណ តែការពិតជាអគារដែលសាងសង់ឡើងនាសម័យសង្គមរាស្រ្តនិយម ដោយប្រើរចនាបថស្ថាបត្យកម្មខ្មែរប្រពៃណី ដោយការបំពាក់ក្បូរក្បាច់ខ្មែរបុរាណបន្ថែម។

នៅក្នុងសារមន្ទីរខេត្តបាត់ដំបង ក៏មានអគារសាលពិព័រណ៌ ដែលមានរាងជាអក្សរ T ដែលគេហៅថាសាលពិព័រណ៌សង្គមរាស្រ្តនិយមប្រចាំខេត្តបាត់ដំបង អគារសាលនេះ ក៍ជាការរចនាឡើងដោយ ស្ថាបត្យករ យាង ផងដែរ ដោយលោកបានប្រើប្រាស់នៅ រចនាបថខ្មែរថ្មី និងស្ថាបត្យកម្មខ្មែរបែបប្រពៃណី ដោយ ផ្នែកដំបូលគឺការបំពាក់នូវក្បូរក្បាច់ខ្មែរបុរាណ ពិសេសនៅប៉មរាងត្រីកោណ។ ការប្រើប្រាស់បេតុង សម្រាប់ពង្រឹងសសរ និងដុំថ្មសម្រាប់ពង្រឹងជញ្ជាំង។ ការបើកលំហរធំ សម្រាប់ឱ្យខ្យល់ចេញចូលបានច្រើនបង្កើតភាពត្រជាក់។

គួររំលឹកថា សារមន្ទីរខេត្តបាត់ដំបង និងសាលពិព័រណ៌សង្គមរាស្រ្តនិយមនេះ ជាផ្នែកមួយនៃការអភិវឌ្ឍន៍ទីក្រុងបាត់ដំបង តាមបណ្តោយដងស្ទឹងសង្កែ នាសម័យសង្គមរាស្រ្តនិយម ដែលមានសំណង់ស្ថាបត្យកម្មផ្សេងៗទៀតដូចជាអគារម៉ូតែល សួនគន្ធបុប្ផា មណ្ឌលកីឡាហែលទឹក ជាដើម។ សារមន្ទីរ និងសាលតាំងពិព័រណ៍វត្ថុបុរាណខេត្តបាត់ដំបង ក៏ត្រូវបានជួសជុលឡើងវិញ ក្រោមការឧបត្ថម្ភគាំទ្រពីអង្គការមិត្តវប្បធម៌ខ្មែរ FOKCI ដោយចំណាយថវិការជាង២៧ម៉ឺនដុល្លារអាមេរិក និងដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការម្តងទៀតនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង