ភ្នំពេញ៖ អង្គការ Nature Life កាលពីថ្ងៃទី ១៨ កុម្ភៈ បានឲ្យដឹងថា សត្វស្លាបជាង ១០ក្បាល នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានងាប់ដោយសារតែការបំពុលដោយជនមិនស្គាល់មុខកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។ បច្ចុប្បន្នស្ថាប័នជំនាញបានយកសំណាកសត្វស្លាបទាំងនោះទៅពិនិត្យ និងបានសម្អាតទីតាំងដែលមានសំណល់ថ្នាំពុល។
ការបំពុលនេះ បានបណ្តាលឱ្យមានសត្វស្លាបជាច្រើន បានងាប់នៅនឹងកន្លែង ដូចជាទាកាបព្រៃចំនួន១០ក្បាល, ចង្កៀលខ្យងចំនួន ១ក្បាល, កុកគ្រោងតូចចំនួន១ក្បាល និងរអាតទន្សាយចំនួន ១ក្បាល។ បច្ចុប្បន្នសំណាកសត្វស្លាបទាំងនោះ ត្រូវបានកត់ត្រា និងវេចខ្ចប់យ៉ាងត្រឹមត្រូវ ដើម្បីបញ្ជូនបន្តទៅស្ថាប័នជំនាញធ្វើការពិនិត្យបន្ថែម តាមរយៈអង្គការ WCS ដែលជាដៃគូផ្នែកអង្កេតតាមដានសុខភាពសត្វព្រៃ។
អង្គការ Nature Life មានការព្រួយបារម្ភ ព្រោះការបំពុលបង្កនៅផលវិបាកធ្ងន់ធ្ងរខ្លាំងណាស់។ ពោល គឺវាអាចសម្លាប់សត្វគ្រប់ប្រភេទរាប់ទាំងសត្វព្រៃជិតផុតពូជ, មច្ឆា និងសត្វស្រុកដែលផឹកទឹកនៅជិតកន្លែងបំពុលផងដែរ។ បន្ថែមលើនេះ ព្រានដាក់បំពុលសត្វនេះ ដើម្បីយកទៅបរិភោគ និងដាក់លក់នៅទីផ្សារ ដែលអាចបង្ករផលប៉ះពាល់ដល់សុខភាព និងរហូតដល់បាត់បង់ជីវិតមនុស្ស ដែលបានទិញយកទៅបរិភោគផងដែរ ។
គួរជម្រាប់ថា តំបន់បឹងព្រែកល្ពៅ ស្ថិតក្នុងស្រុកបុរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ ជាតំបន់ដីសើម ដែលសម្បូរទៅដោយសត្វស្លាបជាង ១០០ប្រភេទរស់នៅ។ ម្យ៉ាងទៀត វាជាប្រភពធនធានយ៉ាងសំខាន់ដែលកំពុងរងការគំរាមកំហែងឈានទៅផុតពូជ៕