រាជធានីបាងកក៖ វិនិយោគិនថៃ បានបង្ហាញទំនុកចិត្តកាន់តែខ្ពស់ក្នុងការមកបណ្ដាក់ទុននៅកម្ពុជា ហើយគ្រោងមកម្ពុជានាដើមខែមីនាខាងមុខ ដើម្បីសិក្សាលើគម្រោងចំនួន ៣ ដែលមានទុនវិនិយោគប៉ាន់ប្រមាណប្រហែល ១ពាន់លានដុល្លារអាម៉េរិក។ គម្រោងនេះត្រូវបានលើកឡើងក្នុងវេទិកាការទូតសេដ្ឋកិច្ចក្រោមប្រធានបទ៖ កម្ពុជាទំព័រថ្មី «ឱកាសធុរកិច្ច និងការវិនិយោគ» ដែលរៀបចំឡើងដោយស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
វេទិកានេះ ត្រូវបានធ្វើឡើងនៅអគារ CW Tower ទីក្រុងបាងកក ប្រទេសថៃ និងមានការអញ្ជើញចូលរួមពីឯកអគ្គរាជទូត/រដ្ឋទូត មន្ត្រីការទូត នៃស្ថានទូតបរទេសនៅទីក្រុងបាងកក, តំណាងអង្គការអន្តរជាតិ, តំណាងក្រសួងស្ថាប័ន, និងវិស័យឯកជនសរុបប្រមាណ ២៣០រូប។
ស្របគ្នាជាមួយនឹងវេទិកាខាងលើ វិនិយោគិនថៃដែលធ្លាប់បានចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជាថៃកាលពីថ្ងៃទី៧ ខែកុម្ភៈកន្លងទៅថ្មីៗនេះក៏បានបង្ហាញការជឿទុកចិត្តមកសិក្សាបណ្តាក់ទុនវិនិយោគនៅកម្ពុជាក្រោមម្លប់នៃការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយគ្រោងនឹងអញ្ជើញមកទឹកដីកម្ពុជានាដើមខែមីនាខាងមុខដើម្បីសិក្សាលើគម្រោងចំនួន ៣ ដែលមានទុនវិនិយោគប៉ាន់ប្រមាណប្រហែល ១ពាន់លានដុល្លារអាម៉េរិក។
គួរបញ្ជាក់ជូនផងដែរថា ប្រធានបទចំនួន ៤ ដែលបានជ្រើសរើសមកធ្វើបទឧទ្ទេសនាមជូនអង្គវេទិការួមមាន៖ ទី១៖ «ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា បរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងការ វិនិយោគផ្ទាល់ពីបរទេស» ទី២៖ «ឱកាសធុរកិច្ចនៅកម្ពុជា» ទី៣៖ «ធុរកិច្ច និងការវិនិយោគ៖ ហេតុអ្វីវិនិយោគនៅកម្ពុជា?» ទី៤៖ «នីតិវិធីនិងដំណើរការពន្ធដារ៖ ទិដ្ឋភាពច្បាប់របស់កម្ពុជាលើនីតិវិធីនៃការវិនិយោគ និងពន្ធ ការផ្ទេរដើមទុន លក្ខខណ្ឌ និងទិដ្ឋភាពទូទៅនៃកិច្ចព្រមព្រៀងស្តីពីពន្ធត្រួតគ្នា (DTA)»៕