កំពត៖ ថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រាប់អាវុធ អាជ្ញាធរ និងអ្នកពាក់ព័ន្ធ របស់រដ្ឋបាលខេត្តកំពត នៅថ្ងៃទី ១៥ កុម្ភៈម្សិលមិញ បានរៀបចំដង្ហែក្បួនអបអរសាទរ«ក្រុងកំពត»ទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៤។ពិធីក្បួនដង្ហែនេះ ធ្វើឡើងទាំងតាំងផ្លូវទឹក និង ផ្លូវគោក។
អភិបាលខេត្តកំពត គឺលោក ម៉ៅ ធនិន ជាថ្នាក់ដឹកនាំជួមុខរៀបចំពិធីដង្ហែក្បូនអបអរសាទរ ក្រុងកំពត ទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៤ ឆ្នាំ២០២៤ ដ៏មហោឡារិក មានទាំងក្បូនទូកនេសាទនៅលើទឹកដងព្រែក ក្បូនរថយន្ត ជុំវិញក្រុង និង ក្បូនដង្ហែថ្មើជើង ធ្វើឡើងដើម្បីបង្ហាញអំពីកេរ្តិ៍ឈ្មោះ កិត្តិយស និងមុខមាត់របស់ខេត្ត ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ដែលទទួលពានរង្វាន់ ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៤ ឆ្នាំ២០២៤។
បើតាមលោក ម៉ៅ ធនិន រដ្ឋបាលខេត្តកំពត ប្តេជ្ញាចិត្តថាបន្តផ្សព្វផ្សាយសក្តានុពលវិស័យទេសចរណ៍បន្ថែមទៀត និង បានស្នើដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងជុំវិញខេត្ត បន្តខិតខំរក្សាពានរង្វាន់នេះឲ្យបាន ដោយត្រូវចាត់ទុកថា «កំពតជាផ្ទះ»របស់យើង ជាបេះដូងគ្រប់គ្នាត្រូវចូលរួមថែរក្សា។
គួរបញ្ជាក់ថា ក្រុងកំពត នៃខេត្តកំពត ទទួលបានជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី៤ ដែលមានសុពលភាពឆ្នាំ២០២៤ -២០២៦។ពិធីប្រកាសជ័យលាភីខាងលើ ធ្វើឡើងក្នុងវេទិកាទេសចរណ៍អាស៊ាន ATF-2024 ប្រព្រឹត្តទៅ នារាត្រីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវកន្លងទៅ។ក្រៅពីក្រុងកំពត នៅមានក្រុងខណ្ឌមួយចំនួនទៀតរបស់កម្ពុជាដែលឈ្នះពានរង្វាន់នេះ គឺមាន ក្រុងកែប និង ខណ្ឌដូនពេញ របស់រាជធានីភ្នំពេញផងដែរ៕