ភ្នំពេញ៖ ក្នុងរយៈពេល១ឆ្នាំពេញនៃឆ្នាំ២០២៣ កម្ពុជាអាចរកចំណូលពីទេសចរណ៍អន្តរជាតិបានចំនួន ៣,០៨៣លានដុល្លារអាម៉េរិក កើនឡើង១១៧,៩% ខណៈទេសចរអន្តរជាតិដែលបានមកម្សាន្តនៅកម្ពុជាមានជាង ៥.៤៥លាននាក់ កើនឡើង ១៣៩.៥%។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
ជាមួយគ្នានេះ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានលើកឡើងថា ទាក់ទងទៅនឹងស្ថានភាពទេសចរណ៍នៅកម្ពុជា គឺមានការកើនឡើងជាបន្តបន្ទាប់ ហើយក្នុងនោះទីផ្សារទេសចរណ៍មកពីប្រទេសថៃគឺមានការកើនឡើងឈានមុខគេ បន្ទាប់មកគឺវៀតណាម និងចិនជាដើម។ ទោះជាយ៉ាងណា ស្ថានភាពទេសចររណ៍នៅកម្ពុជានៅតែមានសភាពថមថយ បើធៀបនឹងស្ថានភាពទេសចរណ៍មុនកូវីដ-១៩គឺក្នុងឆ្នាំ២០១៩ ដែលគ្រានោះកម្ពុជាទទួលបានភ្ញៀវទេសចរចិនច្រើនជាងគេ។
ចំពោះអ្នកដំណើរមកម្សាន្តនៅកម្ពុជាតាមផ្លូវគោកគឺមានចំនួនច្រើនរហូតដល់៦០ភាគរយ ហើយ៣៥ភាគរយមកតាមការហោះហើរ។ រីឯបុគ្គលិកទេសចរណ៍ក៏បានចូលមប្រើការងារវិញបានខ្លះក្នុងរង្វង់ជាង៤០ភាគរយ ព្រោះទីតាំងអាជីវកម្មទេសចរណ៍មួយចំនួននៅមិនទាន់បើកដំណើរការច្រើនឡើងវិញដូចគ្នា។ នេះបើការបញ្ជាក់របស់លោកជំទាវ ឆាយ ស៊ីវលីន៕