ព្រះសីហនុ៖ តុលាការសាលាដំបូងខេត្តព្រះសីហនុនៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ បានសម្រេចផ្ដន្ទាទោសបុរសជនជាតិចិនតៃវ៉ាន់ ២ នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ និងពិន័យប្រាក់ម្នាក់ ៤ លានរៀល ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម។
ជនត្រូវចោទចំនួន ២នាក់ ឈ្មោះ CHEN NENG CHUAN ភេទប្រុស ជនជាតិចិន(តៃវ៉ាន់) និងឈ្មោះ LU TSU HSIEN ភេទប្រុស ជនជាតិចិន(តៃវ៉ាន់) ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះចោទប្រកាន់ពីបទល្មើសញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។ វត្ថុតាងមានសកម្មភាព ការថតសំដែងនិយាយជាភាសាចិនដែលនាំឱ្យសាធារណជនភ័ន្តច្រឡំ។
ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាខេត្តព្រះសីហនុ សម្រេចផ្តន្ទាទោសជនជាប់ចោទទាំង ២នាក់ ឈ្មោះ CHEN NENG CHUAN ភេទប្រុស ជនជាតិចិន(តៃវ៉ាន់) និងឈ្មោះ LU TSU HSIEN ភេទប្រុស ជនជាតិចិន(តៃវ៉ាន់) ដាក់ពន្ធនាគារ ០២ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ០៤លានរៀល ពីបទល្មើសញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។