ភ្នំពេញ៖ អ្នកលក់ផ្កានៅតាមដងផ្លូវមួយចំនួន នៅរាជធានីភ្នំពេញ បានអះអាងថា ការលក់ផ្ការបស់ខ្លួន ក្នុងថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ (Valentine's Day) នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ មានអ្នកទិញច្រើនជាងមុនឆ្នាំមុន។
អ្នកស្រី ប៉ូ រ៉ានី អាជីវករលក់ផ្កា នៅផ្សារធំថ្មី បានប្រាប់អ្នកសារព័ត៌មានសុីសុីថាមស៍ អ្នកស្រីបានចាប់ផ្ដើមលក់ផ្កានេះច្រើនឆ្នាំមកហើយ ហើយផ្កាទាំងនេះ គឺអ្នកស្រីលក់គ្រប់ពិធីបុណ្យ មិនថាតែថ្ងៃទិវានៃក្តីស្រឡាញ់ប៉ុណ្ណោះទេ។ ចំពោះផ្កាដែលអ្នកស្រីដាក់លក់នេះ មានតម្លៃចាប់ពី ១ដុល្លារ ដល់ ៥០ដុល្លារ ឬច្រើនជានឹងក៏មាន ទៅតាមតម្រូវការដែលភ្ញៀវកម្មង់ គឺអ្នកស្រីនឹងរៀបចំជូនអតិថិដែលត្រូវការ។
អ្នកស្រីបន្ថែមថា ជារៀងរាល់ឆ្នាំផ្កាចាប់ផ្តើមមានអ្នកទិញ និងកម្មង់ទុកចាប់ពីថ្ងៃទី១២ ឫ១៣ កុម្ភៈ ហើយឆ្នាំនេះមានអ្នកមកកម្មង់ទុកច្រើន ដើម្បីយកទៅជូនមនុស្សជាទីស្រឡាញ់ ឳពុកម្ដាយ បងប្អូន និងមិត្តភក្តិ ជាដើម។
ចំណែកអ្នកស្រី ប៉ែន សាអែម អាជីវករលក់ផ្កា នៅផ្សារអូរឬស្សី បានឲ្យដឹងដែរថា ផ្កាដែលអ្នកស្រីលក់នេះ គឺធ្វើឡើងដោយខ្លួនឯងផ្ទាល់ជាមួយក្រុមគ្រួសារ។ ហើយក៏មានដាក់លក់នៅតាមទីកន្លែងផ្សេងៗ ដែលមាននូវកម្មវិធី ដូចជាសាលារៀនក្នុងថ្ងៃទទួលសញ្ញាបត្រ បុណ្យចូលឆ្នាំថ្មី បុណ្យទិវានៃសេចក្ដីស្រឡាញ់ ព្រោះភាគច្រើនមានភ្ញៀវចូលទិញដើម្បីជូនជាការដូរសម្រាប់មនុស្សជាទីស្រឡាញ់ក្នុងថ្ងៃពិសេសផ្សេងៗ។ អ្នកស្រីបន្ថែមថា សម្រាប់ផ្កាទាំងអស់នេះ គឺមានតម្លៃចាប់ពី ១០ដុល្លារឡើងទៅតាមតម្រូវការដែលភ្ញៀវកម្មង់ ហើយអ្នកស្រីក៏មានការរៀបចំជូនភ្ញៀវដែលត្រូវការម៉ូតផ្កាថ្មីដែលភ្ញៀងចូលចិត្តថែមទៀតផង។
សូមជម្រាបថា ថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ មិនមែនជាពិធីបុណ្យផ្លូវការរបស់រដ្ឋទេ ប៉ុន្តែជាទម្លាប់មិនថា តែប្រជាជននៅប៉ែកអឺរ៉ុបទេ ទូទាំងអាស៊ី និងមនុស្សនៅជុំវិញពិភពលោក តែងប្រារព្ធថ្ងៃ ១៤ កុម្ភៈ ជារៀងរាល់ឆ្នាំ៕