Cctimesw1140xh150cm copy

សម្តេច ហ៊ុន ម៉ាណែត៖កំណែទម្រង់«ការគ្រប់គ្រងហិរញ្ញវត្ថុ»ជួយកម្ពុជាពង្រឹងឯករាជ្យជាតិ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ភ្នំពេញ៖សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:រយៈ ពេល២០ឆ្នាំ ទទួលបានសមិទ្ធផលធំៗចំនួន៥ ដែលជួយឱ្យសេដ្ឋកិច្ចរឹងមាំ និងការពង្រឹងឯករាជ្យជាតិ និង អធិបតេយ្យជាតិ។ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលសម្តេច អញ្ជើញបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ នៅថ្ងៃទី ១៤ កុម្ភៈនេះ។

សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងរយៈពេល២០ឆ្នាំនៃ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: ទទួលបានសមិទ្ធផលគន្លឹះទី១៖ ការកសាងបាននូវភាពជឿទុកចិត្តបាននៃថវិកា។ សមិទ្ធផលទី២៖ ការកសាងបានជាមូលដ្ឋាននូវសមាសធាតុចាំបាច់ទាំងឡាយ នៃប្រព័ន្ធថវិការទំនើបឆ្លើយតបនឹងឧត្តមានុវត្តជាអន្តរជាតិ។ សមិទ្ធផលទី៣៖ រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចរាល់សម្រាប់ចាប់យក «ប្រព័ន្ធថវិកាផ្អែកលើសមិទ្ធកម្ម»។ ដែលជាគោលដៅចុងក្រោយនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈការសម្រេចឱ្យបាននៅក្នុងដំណាក់កាលទី៤ (២០២៣-២០២៧) នូវ «គណនេយ្យភាពសមិទ្ធកម្ម» ដែលមានន័យថា ជាការទទួលខុសត្រូវលើលទ្ធផលចុងក្រោយ។ សមិទ្ធផលគន្លឹះទី៤៖ ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងប្រកបដោយភាពធន់ និងចីរភាពក្នុងរយៈពេលវែង។ សមិទ្ធផលគន្លឹះទី៥៖ ការពង្រឹងឯករាជ្យជាតិ និងអធិបតេយ្យជាតិ។

បើតាមសម្តេច កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជារបៀបវារៈ អាទិភាពនៅក្នុង «យុទ្ធសាស្ត្រចតុកោណ» ទាំង ៤ ដំណាក់កាល របស់រាជរដ្ឋាភិបាល ក្នុង៤ នីតិកាល បន្តបន្ទាប់កន្លងទៅ, បានបង្កើតសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើននៅកម្ពុជា, ទាំងសមិទ្ធផល ក្នុងការកែលម្អអភិបាលកិច្ចនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងទាំងសមិទ្ធផលក្នុងទិដ្ឋភាព នៃការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។​ រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា នៅតែបន្តផ្តល់សារៈសំខាន់ខ្ពស់ លើកម្មវិធីកែទម្រង់នេះ ដោយកំណត់ «កម្មវិធីកទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» ជារបៀបវារៈ គោលនយោបាយអាទិភាពរបស់ខ្លួន ក្នុង «មុំទី ២» នៃ «ស្នូលំ» និង ក្នុង «មុំទី៣» នៃ «បរិស្ថានគ្របដណ្តប់» របស់ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ។

តែយ៉ាងណាក៏ដោយ ដើម្បីកម្មវិធីនេះបន្តជោគជ័យ សម្តេចផ្តោត កិច្ចការកែទម្រង់ដែលជោគជ័យ ត្រូវតែផ្អែកលើ កត្តាសំខាន់បួន គឺ៖ ទី១. ត្រូវមានចក្ខុវិស័យច្បាស់លាស់; ទី២. ត្រូវមានការប្តេជ្ញាចិត្តខ្ពស់; ទី៣. ត្រូវមានការចូលរួមដោយស្មោះត្រង់; និងទី៤. ត្រូវមានការលះបង់។ រាជរដ្ឋាភិបាលនីតិកាលទី៧ នឹងបន្តជ្រោងកាន់តែខ្ពស់នូវ «ស្មារតីនៃការកែទម្រង់» និងនៅតែប្រកាន់ខ្ជាប់នូវអភិក្រមទាំង ៥ប្រការ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី សម្រាប់ការបំពេញការងារ ដែលជាស្មារតីបុរេសកម្ម, ភ្ញាក់រលឹក និងម៉ឹងម៉ាត់ក្នុងការកែទម្រង់មុតស្រួច, ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ពោលគឺ៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាលនិងវះកាត់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង