ក្រចេះ៖ ស្ពានឆ្លងកាត់ទន្លេរមេគង្គក្នុងខេត្តក្រចេះ បានលេចរូបរាងបណ្តើរៗហើយ ជាមួយនឹងសរសេរស្ពានសាងសង់ ឈរតម្រៀបជួរគ្នាគួរឲ្យចាប់អារម្មណ៍។គិតរហូតមដល់ពេលបច្ចុប្បន្ននេះ គម្រោងសាងសង់ស្ពានតម្លៃជិត ១១២ លានដុល្លារអាម៉េរិកនេះ សម្រេចដំណើរការរបស់ខ្លួនបាន 26.68%។នេះបើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ផ្តល់ជូនដល់សារព័ត៌មាន ស៊ីស៊ីថាមស៍ នៅថ្ងៃទី ១៣ កុម្ភៈ។
យោងតាមរបាយការណ៍ បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះសម្រេចបាន: 26.68% ដោយស្ពានឆ្លងកាត់ទន្លេមេគង្គសម្រេចបាន : 35 .5 % គម្រោងនេះនឹងគ្រោងបញ្ចប់តាមផែនការរបស់ខ្លួននៅខែធ្នូ ឆ្នាំ២០២៥។
គួររម្លឹកជូនថា ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះដែលមានប្រវែងជាង ១ ពាន់ម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានប្រកាសបើកការដ្ឋានសាងសង់នាថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពសម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។
គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់ដែលក្នុងនោះស្ពានឆ្លងកាត់ទន្លេមេគង្គមានប្រវែង ១ ៧៦១ ម៉ែត្រត្រើយខាងកើតស្ថិតនៅត្រង់ ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និង ត្រើយខាងលិចស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ចំណែកឯផ្លូវតភ្ជាប់មានប្រវែង ៣១,៦៩ គីឡូម៉ែត្រ រួមមានផ្លូវតភ្ជាប់ពីក្បាលស្ពានមានប្រវែង ១៥,៤៩ គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ៤ ខ្សែនៅក្នុងក្រុងក្រចេះមានប្រវែង ១៦,២០ គីឡូម៉ែត្រ។
រាជរដ្ឋាភិបាលរំពឹងថា ក្រោយពីការសាងសង់រួច ស្ពាននិងផ្លូវតភ្ជាប់នេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់ប្រជាពលរដ្ឋងធ្វើដំណើរទៅប្រកបមុខរបរប្រចាំថ្ងៃជាពិសេសទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពនៅពេលប្រជាពលរដ្ឋត្រូវការសង្គ្រោះបន្ទាន់ម្តងៗព្រមទាំងជួយសម្រួលដល់ក្មួយៗសិស្សានុសិស្សធ្វើដំណើរទៅកាន់សាលារៀនបានឆាប់រហ័ស និងប្រកបដោយសុវត្ថិភាព៕