Cctimesw1140xh150cm copy

ក្រសួងដែនដីសម្រួល«ស្នើសុំនិងផ្តល់លិខិត»នានាដើម្បីដោះស្រាយអគារជាប់គាំងខេត្តព្រះសីហនុ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖ ក្រសួងដែនដី នគរូបនីយកម្ម និង សំណង់ នៅថ្ងៃទី ១២ កុម្ភៈ បានចេញសេចក្តីជូនដំណឹងស្តីពី ការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤។ក្នុងសេចក្តីជូនដំណឹងនោះ ក្រសួងនឹងសម្រេចសម្រួលនីតិវិធី និង បែបបទ និង កាត់បន្ថយរយៈពេលនៃការស្នើសុំ និង ផ្តល់លិខិតសម្រាប់ដំណើរការសាងសង់ក្នុងខេត្តព្រះសីហនុ។

យោងតាមសេចក្តីជូនដំណឹង បានគូសបញ្ជាក់ថា ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នឹងសម្រួលនីតិវិធី និងបែបបទ និង កាត់បន្ថយរយៈពេលនៃការស្នើសុំ និង ផ្តល់លិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតបើកការដ្ឋានសំណង់ បិទការរដ្ឋានសំណង់ ឬវិញ្ញាបនបត្រប្រើប្រាស់សំណង់ ជូនម្ចាស់សំណង់នៅក្នុងខេត្តព្រះសីហនុ។

បើតាមក្រសួងដែនដី ដើម្បីចូលរួមអនុវត្តកម្មវិធីពិសេសនេះ ក្រសួងនឹងចាត់មន្ត្រីជំនាញ ចុះធ្វើការត្រួតពិនិត្យ និង បញ្ជាក់គម្រោងប្លង់ស្ថាបត្យកម្ម គម្រោងប្លង់គ្រឿងផ្តុំសំណង់ ការងារសំណង់ និង ការងារត្រួតពិនិត្យគុណភាព និង សុវត្តិភាពសំណង់ ក្នុងករណីម្ចាស់សំណង់គ្មានលិខិត ឬរបាយការណ៍បញ្ជាក់ពីក្រុមហ៊ុនដែលមានអាជ្ញាបណ្ណ។

គួរបញ្ជាក់ថា គិតមកដល់ពេលបច្ចុប្បន្នអគារដែលត្រូវបានផ្អាកដំណើរការសាងសង់ក្នុងខេត្តព្រះសីហនុ មានចំនួន ៣៦២ ដែលត្រូវការទុនវិនិយោគបន្ថែម ប្រមាណ ១១៦១ លានដុល្លារអាម៉េរិក ដើម្បីបញ្ចប់ការសាងសង់ ខណៈអគារដែលត្រូវបានសាងសង់រួច ប៉ុន្តែពុំទាន់បានដាក់ដំណើរការប្រើប្រាស់មានចំនួន ១៧៦។

ចាប់ពីឆ្នាំ ២០១៦ មក ការវិនិយោគក្នុងខេត្តព្រះសីហនុមានសម្ទុះកើនឡើងយ៉ាងគំហុក ជាពិសេស មានការរីកដុះដាលយ៉ាងលឿនក្នុងចំនួនដ៏ច្រើន នូវសំណង់អគារ ជាសណ្ឋាគារ, ភោជនីយដ្ឋាន, ហាងលក់ទំនិញ, និង កន្លែងស្នាក់នៅ ។ល។ ទោះ ជាយ៉ាងនេះក្តី ក្នុងដំណាក់កាលពីឆ្នាំ ២០១៩ តមកទៀតការផ្លាស់ប្តូរនៅក្នុងការវិវត្តនៃស្ថានភាពសង្គម-សេដ្ឋកិច្ច គួបផ្សំ និង ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង បញ្ហាប្រឈមជាសកលផ្សេងទៀតបានបណ្តាលឱ្យសំណង់អគារជាច្រើន ត្រូវបានផ្អាក ឬ បញ្ឈប់ដំណើរការសាងសង់។

ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ចេញនូវ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤" សំដៅប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជាខេត្តដឹកមុខក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ដែលស្ថានភាពសេដ្ឋកិច្ចពិភពលោក និង តំបន់កំពុងតែបន្តប្រឈមនិងភាពមិនប្រាកដប្រជាខ្ពស់៕




ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង