ភ្នំពេញ៖ គម្រោងសាងសង់«ស្ពានព្រែកប្រា-ចាក់អង្រែ» នឹងបើកការដ្ឋាននៅថ្ងៃទី១៩ ខែកុម្ភៈខាងមុខនេះ ។គម្រោងនេះនឹងជួយពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន កាត់បន្ថយការកកស្ទះចរាចរណ៍ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ។ នេះជាការបញ្ជាក់របស់លោក ផន រឹម អ្នកនាំពាក្យក្រសួងក្រសួងសាធារណការ និង ដឹកជញ្ជូន បានប្រាប់សារព័ត៌មានស៊ីស៊ីថាមស៍នៅថ្ងៃទី១៣កុម្ភៈនេះ។
លោក ផន រឹម បានថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) ប្រវែង ៨៤៥,៧០ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ម៉ែត្រ ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នឹងប្រារព្ធពិធីបើកការដ្ឋានសាងសង់នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ពេលសាងសង់រួច ស្ពាននេះនឹងជួយកាត់បន្ថយការកកស្ទះចរាចរលើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ, ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ និង កាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះផងដែរ។
គួរបញ្ជាក់ថា គម្រោង«ស្ពានព្រែកប្រា-ចាក់អង្រែ» គឺជាស្ពានទី៦ ក្នុងចំណោមស្ពានដែលបានសាងសង់រួច ៖ ស្ពានឆ្លងកោះពេជ្រ-កោះនរា ស្ពានព្រះមុនីវង្សទាំង២ ស្ពានសំរោង ស្ពានកោះអន្លង់ចិន ស្ពានកោះធំ និង កំពុងសិក្សាមួយទៀតភ្ជាប់ផ្លូវជាតិលេខ២៣។ ស្ពាននេះ ប្រើឥណទានសម្បទានពីប្រទេសចិន ដែលមានតម្លៃប្រមាណ ៦០លានដុល្លារអាម៉េរិក និង ប្រើពេល៤២ខែ ឬ៣ឆ្នាំកន្លះ។ ស្ពាននេះស្ថាបនាមួយខ្សែ(ដូចស្ពានកោះនរា ឬស្ពានឫស្សីកែវ) ទទឹង ២៧ ម, ៤គន្លងរថយន្ត ,៧ កន្លងម៉ូតូ និង២គន្លងថ្មើជើង ហើយនឹងត្រៀមខួងសសរគ្រឹះទី១ នៅក្នុងមករា ឆ្នាំ២០២៤៕