ភ្នំពេញ៖ នាយគ្រឿន ដែលជាតារាកំប្លែងដ៏ល្បីមួយរូបនៅកម្ពុជា នៅថ្ងៃទី ១២ កុម្ភៈនេះ បានប្រកាសឈប់ទទួលផ្សព្វផ្សាយពាណិជ្ជកម្ម«ល្បែង និង គ្រឿងស្រវឹង»។ការប្រកាសយ៉ាងដូច្នេះធ្វើឡើងក្រោយពីរូបលោកត្រូវបានមហាជនរិះគន់ដែលចូលខ្លួនផ្សព្វផ្សាយពីល្បែងអនឡាញខុសច្បាប់។
ឆ្លើយតបនឹងប្រតិកម្មពីមហាជនទូទៅពាក់ព័ន្ធនឹងការផ្សព្វផ្សាយល្បែងអនឡាញខុសច្បាប់ នាយគ្រឿន ដែលជាតារាកំប្លែងដ៏ល្បីមួយរូបនៅកម្ពុជា បានប្រកាសតាមរយៈឡាយវីដេអូសុំទោសសាធារណៈជន និង ប្តេជ្ញាថាឈប់ទទួលផ្សព្វផ្សាយល្បែងអនឡាញ និង គ្រឿងស្រវឹង។
តាមរយៈវីដេអូរយៈពេល៦នាទី តារាកំប្លែងនាយគ្រឿន បានពន្យល់ថា ខ្លួនបានដឹងពីកំហុសដែលបានចូលរួមផ្សព្វផ្សាយពីពាណិជ្ជកម្មល្បែង ហើយមហាជនភាគច្រើនគឺនាំគ្នាជេររូបលោក ភ្លាមៗលោកបានទាក់ទងទៅក្រុមហ៊ុនដើម្បីផ្តាច់កុងត្រាជាមួយក្រុមហ៊ុនល្បែង ហើយបោះបង់លុយរាប់ម៉ឺនដុល្លារចោល។ជាមួយគ្នានោះ តារាកំប្លែងនាយគ្រឿនក៏បានប្រកាសឈប់ផ្សព្វផ្សាយគ្រឿស្រវឹងផងដែរ។