ភ្នំពេញ៖ រយៈពេល២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ កុម្ភៈ ឆ្នាំ២០២៤នេះ មានយានយន្តឆ្លងចរាចរណ៍លើផ្លូវល្បឿនលឿនចំនួន ២៣.៤៥២គ្រឿង និង មិនមានគ្រោះថ្នាក់ចរាចរណ៍ ឬបាតុភាពអ្វីកើតឡើងទេ។នេះយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និង ដឹកជញ្ជូនរបស់កម្ពុជា។
មន្ត្រីអ្នកនាំពាក្យក្រសួងសាធារណការ បានគូសបញ្ជាក់ថា គិតត្រឹមម៉ោង ៦ល្ងាច ថ្ងៃអាទិត្យម្សិលមិញ យានយន្តឆ្លងចរាចរណ៍លើផ្លូវល្បឿនលឿនចំនួន ២៣.៤៥២គ្រឿង ដោយថ្ងៃទី ១១ កុម្ភៈ មានយានយន្តចរាចរណ៍ចំនួន ១៨.៧០៧គ្រឿង) និង មិនមានគ្រោះថ្នាក់ចរាចរណ៍ ឬបាតុភាពអ្វីកើតឡើងទេ។
បើតាមក្រសួងការធារណការ ការចរាចរណ៍ក្នុងឱកាសចូលឆ្នាំចិននៅពេលនេះ មិនមានការកកស្ទះចរាចរណ៍រយៈពេលយូរទេ នៅច្រកចេញភ្នំពេញដោយគ្រាន់តែមានការបន្តកន្ទុយគ្នាប្រមាណ ១៥០ ម៉ែត្រប៉ុណ្ណោះ ដោយយានយន្តបានរំកិលខ្លួនចូលបញ្ជរបង់ប្រាក់ តាមកន្លងប្រភេទទូទាត់បានយ៉ាងរលូន។
ក្រសួងបានកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្រើន និង មានការសម្រួលពីសមត្ថកិច្ចនគរបាលផ្លូវល្បឿនលឿន និង ដោយបានអនុវត្តបើកច្រកបន្ថែមបញ្ចាសទិសជានីតិវិធីថ្មីដែលបានត្រៀមទុកមុន ដើម្បីបញ្ចៀសការកកស្ទះយូរ។