Cctimesw1140xh150cm copy

អាជ្ញាធរជាតិអប្សរាប្រកាសកាត់បន្ថយប្រើ«ប្លាស្ទិក»ក្នុងតំបន់អង្គរ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រាសាទអង្គរវត្ត។រូបភាព បណ្តាញសង្គម

សៀមរាប៖អាជ្ញាធរជាតិអប្សរា បានប្រកាសពីការតាំងចិត្តរបស់ខ្លួនព្យាយាមកាត់បន្ថយការប្រើប្រាស់«ប្លាស្ទិក» មួយជំហានម្តងៗ នៅក្នុងរមណីយដ្ឋានអង្គរ ដើម្បីរួមចំណែកក្នុងការជួយដល់បរិស្ថានឱ្យកាន់តែប្រសើរ។ជំនួសការប្រើប្រាស់នេះ អាជ្ញាធរជាតិអប្សរានឹងជំរុញការប្រើប្រាស់វត្ថុធាតុដើមពីធម្មជាតិវិញ។

យោងតាមការប្រកាសរបស់អាជ្ញាធរជាតិអប្សរា បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមការងារ នៃអាជ្ញាធរជាតិអប្សរា កំពុងងាកមកប្រើប្រាស់វត្ថុធាតុដើមធម្មជាតិដូចជា ឫស្សី ដែលនឹងផ្តល់ការងារកាន់តែច្រើនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងធ្វើឱ្យបរិស្ថាននៅតាមការដ្ឋានក្នុងឧទ្យានអង្គរកាន់តែប្រសើរឡើង។

បើតាមអាជ្ញាធរជាតិអប្សរា បានកែសម្រួលរោង និងរបងហ៊ុមព័ទ្ធនៅតាមការដ្ឋានជួសជុលនានាក្នុងតំបន់អង្គរ ដោយកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកជាតង់ ឬស្បៃមួយជំហានម្តងៗ ដោយប្រើប្រាស់វត្ថុធាតុដើមធម្មជាតិដូចជា ឫស្សីជំនួសវិញ។

គួរបញ្ជាក់ថា បច្ចុប្បន្នក្រសួងបរិស្ថានកម្ពុជា បានដាក់ចេញនូវយុទ្ធនាការ«ខ្ញុំឈប់ប្រើថង់ប្លាស្ទិក»ភាពវិជ្ជមាននៃកំណើនកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកបានលេចឡើងជាបន្តបន្ទាប់ រាប់ចាប់ពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍ ព្រះសង្ឃ ប្រជាពលរដ្ឋ និងកម្មករកម្មការនី ។

បន្ទាប់ពីបានឃើញការចេញផ្សាយអត្ថបទអមដោយរូបភាពរបស់អាជ្ញាធរជាតិអប្សរានេះ ប្រជាពលរដ្ឋអ្នកស្រឡាញ់បរិស្ថានបានគាំទ្រយ៉ាងខ្លាំងចំពោះការអនុវត្តបែបនេះរបស់អាជ្ញាធរជាតិអប្សរា ហើយពួកគាត់យល់ឃើញថា ការផ្តើមជាគំរូស្អាតចេញពីតំបន់រមណីយដ្ឋានអង្គរ នឹងធ្វើឱ្យកេរ្តិ៍ឈ្មោះប្រាសាទអង្គរវត្តខ្មែរកាន់តែល្បីរន្ទឺឡើង ល្បីត្រង់ថាអង្គរជាបតិកភ័ណ្ឌល្អឯកតែមួយគ្មានពីរហើយ នៅជុំវិញបរិវេណជុំអង្គរក៏ស្អាត មិនមានការបំពុលដោយសំណល់ប្លាស្ទិកទៀត ហើយចំណែកឯការតម្រៀបឫស្សីធ្វើជារបងហ៊ុមព័ទ្ធតាមការដ្ឋានជួសជុលអង្គរនេះទៀតសោត គឺបានផ្តល់សម្រស់ល្អមួយបែបផង និងជួយបង្កើនចំណូលដល់ប្រជាសហគមន៍អ្នកដាំឫស្សីផង៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង