ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ៩ កុម្ភៈ បានចេញនូវសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីស្លាប់ដោយសារជំងឺ«ផ្តាសាយបក្សី»លើកុមារា អាយុ៩ឆ្នាំ នៅខេត្តក្រចេះ។ឆ្លៀតឱកាសនេះ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀតពីជំងឺនេះ ជាពិសេសកំុបរិភោគបក្សីស្លាប់ ឬមានជំងឺ។
យោងតាមសេចក្តីប្រកាសព័ត៌មាន បានគូសបញ្ជាក់ថា កាលពីថ្ងៃទី ៨ កុម្ភៈ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញជំងឺផ្តាសាយបក្សីលើកុមារាអាយុ ៩ ឆ្នាំ នៅក្នុងភូមិកាប៉ូ១ ឃុំអូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ទោះជាមានការមើលដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យក៏ដោយ ដោយសារស្ថានភាពកុមារមានសភាពធ្ងន់ធ្ងរ រួមមានគ្រុនក្តៅ ពិបាកដកដង្ហើម ហត់ ក្អក និង សន្លប់ កុមារបានស្លាប់នៅ ថ្ងៃទី ៨ កុម្ភៈ ឆ្នាំ២០២៤នេះ។
បើតាមការស្រាវជ្រាវ នៅផ្ទះរបស់អ្នកជំងឺមាន មាន់ ៥ក្បាល និង ទា ៣ក្បាល បានងាប់ហើយបានយកមាន់ទានោះទៅធ្វើម្ហូប។បច្ចុប្បន្នក្រុមអ្នកជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋាន បានស្រាវជ្រាវស្វែងរកអ្នកដែលប៉ះពាល់សត្វនោះទៅតាមដានសុខភាព ការពារឆ្លងចូលសហគម។