Cctimesw1140xh150cm copy

អត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍«ថយចុះ៥០%»ក្រោយរឹតបន្តឹងច្បាប់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
គ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវល្បឿនលឿនកន្លងទៅ។

ភ្នំពេញ ៖ក្នុងរយៈពេល១០រាត្រី នៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយក្នុងនោះក៏មានការផ្ដោតលើការអនុវត្តច្បាប់ដោយគ្មានការលើកលែង ចំពោះអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងមិនពាក់មួកសុវត្ថិភាពជាដើមនោះ ប្រសិនបើធៀបនឹងរយៈ១០ថ្ងៃមុនមានការអនុវត្ត លទ្ធផលបានបង្ហាញយ៉ាងច្បាស់ថា អត្រាចំនួនអ្នកស្លាប់បានថយចុះប្រមាណ៥នាក់ ស្មើនឹង៥០ ភាគរយ របួសធ្ងន់បានថយចុះ២៦ភាគរយ របួសស្រាលបានថយចុះ៦៣ភាគរយ និងការខូចខាតយានយន្តបានថយចុះ៣៦ភាគរយ។នេះបើយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។

ក្រសួងមហាផ្ទៃ​ បានចាត់ទុកលទ្ធផលជាវិជ្ជាមាននេះ ថាមូលដ្ឋាននៃការជំរុញនិងលើកទឹកចិត្តខ្ពស់ណាស់ សម្រាប់ភាគីពាក់ព័ន្ធបន្តយកចិត្តទុកដាក់ចំពោះកិច្ចខិតខំប្រឹងប្រែងរឹតបន្តឹងច្បាប់ចរាចរណ៍បន្ថែមទៀត សំដៅបន្តសង្គ្រោះអាយុជីវិតប្រជាជន និងការខូចខាតទ្រព្យសម្បត្តិឯកជន និងសាធារណៈឱ្យបានកាន់តែច្រើន ដើម្បីឈានទៅបញ្ចប់ឱ្យបាននូវភាពស្រពិចស្រពិលក្នុងការសម្រេចគោលដៅទសវត្សរ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ២០២១-២០៣០។

គួរបញ្ជាក់ថា ក្នុងមួយឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍កើតឡើងទូទាំងប្រទេសសរុប ៣,៣១៧លើក (យប់៥៥%) បណ្តាលឱ្យមានអ្នកស្លាប់១,៥៩០នាក់ និងរបួស៤,៥១៥នាក់ (ធ្ងន់២,៧៦៦នាក់)។ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថាមូលហេតុចម្បងនៃគ្រោះថ្នាក់ទាំងនោះ មានដូចជា បើកបរល្មើសល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំប្រជែងគ្រោះថ្នាក់ កត្តាយាន និងស្រវឹងជាដើម។ ក្នុងចំណោមអ្នកស្លាប់សរុប មានអ្នកជិះម៉ូតូ ៨០% ក្នុងនោះជិះម៉ូតូមានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន៦៩%។

មូលដ្ឋានមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើនកាលពីឆ្នាំ២០២៣ ដូចជារាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កំពង់ចាម កំពង់ឆ្នាំង តាកែវ ព្រះសីហនុ កោះកុង ឧត្តរមានជ័យ ព្រះវិហារ ត្បូងឃ្មុំ និងខេត្តប៉ៃលិន។លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យមន្ត្រីនគរបាលចរាចរណ៍គ្រប់គោលដៅ ត្រូវខិតខំប្រឹងប្រែងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឆ្នាំ២០២៤ នេះ ឱ្យមានប្រសិទ្ធភាព៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង