ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងប្រទេសថៃ កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤បានចុះអនុស្សរណៈយោគយល់គ្នា លើឯកសារ ចំនួន៥ ដោយក្នុងនោះសភាពាណិជ្ជកម្មកម្ពុជាបានចុះ MOU ជាមួយភាគីថៃលើឯកសារចំនួន២។ ការអនុស្សរណៈលើឯកសារទាំងពីរនេះ ធ្វើឱ្យឧកញ៉ា លឹម ហេង អនុប្រធានសភាពណិជ្ជកម្មកម្ពុជា យល់ឃើញថា វានឹងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសកម្ពុជា-ថៃ ឱ្យកាន់តែខ្លាំងឡើង។
ឯកសារទាំងពីរនោះរួមមាន ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាង សភាពាណិជ្ជកម្មកម្ពុជា និងធនាគារនាំចេញ-នាំចូលថៃ និងការចុះអនុស្សរណៈនៃការយោគយល់គ្នារវាង សភាពាណិជ្ជកម្មកម្ពុជា និងគណៈកម្មាធិការពាណិជ្ជកម្មថៃ។
គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។ នាឱកាសនេះ កម្ពុជា-ថៃ បានចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន៥រួមមាន៖ ១- អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការ លើវិស័យកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការឆ្លើយតប គ្រោះអាសន្ន រវាង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា និងក្រសួងមហាផ្ទៃថៃ ២- អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការ លើវិស័យ សិក្សាធិការ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រវាង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា និងក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ថៃ ៣- អនុស្សរណៈនៃការយោគយល់គ្នាស្តីពី ទំនិញឆ្លងកាត់ រវាង អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងនាយកដ្ឋានគយថៃ ៤- អនុស្សរណៈនៃការយោគយល់គ្នារវាង សភាពាណិជ្ជកម្មកម្ពុជា និងធនាគារនាំចេញ-នាំចូលថៃ និង៥- អនុស្សរណៈនៃការយោគយល់គ្នារវាង សភាពាណិជ្ជកម្មកម្ពុជា និងគណៈកម្មាធិការពាណិជ្ជកម្មថៃ៕