ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ៧ កុម្ភៈនេះ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ។ជាដំណើរបំពេញទស្សនកិច្ចរយៈពេលមួយថ្ងៃនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ។ក្នុងដំណើរទស្សនកិច្ចនោះ នឹងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។
មន្ត្រីអមដំណើរសម្ដេច ហ៊ុន ម៉ាណែត មានលោក ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រី និង មន្ត្រីសំខាន់ៗ នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជននៃសភាពាណិជ្ជកម្មកម្ពុជា។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការនេះ សម្ដេច ហ៊ុន ម៉ាណែត និងលោកជំទាវ នឹងអញ្ជើញចូលក្រាបបង្គំគាល់ព្រះមហាក្សត្រថៃ នៅព្រះបរមរាជវាំង អញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ ប្រធានព្រឹទ្ធសភា និង ប្រធានរដ្ឋសភាជាដើម។
ក្រៅពីនេះភាគីកម្ពុជា និង ថៃ ពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការទ្វេភាគី និង ពហុភាគី មានពាណិជ្ជកម្ម ការដឹកជញ្ជូន ទេសចរណ៍ ការវិនិយោគ។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន។ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសថៃនេះ សម្ដេច ហ៊ុន ម៉ាណែត នឹងអញ្ជើញថ្លែងសុន្ទរកថា បើកវេទិកាធុរកិច្ចកម្ពុជា-ថៃ។