កោះកុង៖ក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគលើគម្រោងសាងសង់«អាកាសយានដ្ឋានអន្តរជាតិតារាសាគរ»ក្នុងខេត្តកោះកុង នៅថ្ងៃទី ៦ កុម្ភៈនេះ បានចេញមុខបំភ្លឺថា គម្រោងសាងសង់របស់ខ្លួនកំពុងដំណើរការល្អមិនមានការជាប់គាំងដោយសារខ្វះថវិកា សម្រាប់ដំណើរការសាងសង់នោះទេ។ការចេញមុខបំភ្លឺនេះ ធ្វើឡើងក្រោយពីរបាយការណ៍ចេញផ្សាយថាគម្រោងជាច្រើនក្នុងគម្រោងបានជាប់គាំងមិនដំណើរការ។
លោក Sun Ying អនុប្រធានក្រុមហ៊ុន បានថ្លែងប្រាប់សារព័ត៌មាន ស៊ីស៊ីថាមស៍ថា បច្ចុប្បន្ននេះ គម្រោងសាងសង់«អាកាសយានដ្ឋានអន្តរជាតិតារាសាគរ»ក្នុងខេត្តកោះកុង កំពុងដំណើរការល្អ ហើយមិនមានគម្រោងណាផ្អាកការងាររបស់ខ្លួន ដោយសារខ្វះថវិកានោះទេ។
បើតាមអនុប្រធានក្រុមហ៊ុន ទោះក្នុងឱកាសបុណ្យចូលឆ្នាំចិនជិតចូលមកដល់ ក្រុមអ្នកជំនាញ និង បុគ្គលិកជាច្រើនក្នុងគម្រោង«អាកាសយានដ្ឋានអន្តរជាតិតារាសាគរ»នៅតែបន្តបំពេញការងារជាធម្មតា គ្មានឈប់សម្រាកនោះឡើយ។
លោក Sun Ying បាននិយាយថា "ឥឡូវនេះវាជាពិធីបុណ្យនិទាឃរដូវរបស់ចិន ហើយបុគ្គលិកវិស្វកម្មអាកាសយានដ្ឋានរបស់យើង និងអ្នកដឹកនាំពាក់ព័ន្ធនៅតែធ្វើការនៅជួរមុខ។ ការងារសាងសង់នៅព្រលានយន្តហោះក៏នឹងបន្តក្នុងអំឡុងពេលពិធីបុណ្យនិទាឃរដូវ" ។
គួររំលឹកដែរថា គម្រោងសាងសង់«អាកាសយានដ្ឋានតារាសាគរ»ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ជាការវិនិយោគដោយក្រុមហ៊ុនចិន Union Development Group ក្នុងទំហំទឹកប្រាក់ប្រមាណជិត៣៥០លានដុល្លារអាម៉េរិកលើផ្ទៃដីពី៤០០ ទៅ៦០០ហិចតា។គម្រោងសាងសង់នេះ បានចាប់ដំណើរការកាលពីថ្ងៃទី ២៦ វិច្ឆិកា ឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្នមិនទាន់បញ្ជាប់គម្រោង៕