សៀមរាប៖ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នឹងរៀបចំពិធីតាំងពិព័រណ៍មិនអចិន្រ្តៃយ៍រយៈពេល៦ខែ ពោលគឺចាប់ពីថ្ងៃទី៩ កុម្ភៈ។ ពិព័រណ៍មិនអចិន្រ្តៃយ៍ នឹងតាំងបង្ហាញសមុច្ច័យចាស់ៗ ដែលជាស្នាដៃរបស់អ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ។ សមុច្ច័យទាំងនោះ រួមមានហូល ផាមួង អាវប៉ាក់ ដើម្បីឱ្យសាធារណជន និងភ្ញៀវទេសចរ បានចូលទស្សនា ក៏ដូចជាសិក្សាស្វែងយល់។
លោក សែន គឹមស៊ុន នាយករងស្ដីទីនៃសារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ី បានឱ្យដឹងថា ពិព័រណ៍មិនអចិន្រ្តៃយ៍ នេះ នឹងមានសមុច្ច័យជាហូល ផាមួង អាវប៉ាក់ សរុបចំនួន២១ សម្រាប់តាំងបង្ហាញ។ សមុច្ច័យនេះ គឺសារមន្ទីរបានមកពីការបរិច្ចាគរបស់ពលរដ្ឋស្រុកព្រៃកប្បាស ខេត្តតាកែវ សរុបមានចំនួន៥១ ដែលក្នុងនោះមានសំពត់ផាមួង អាវ និងក្រណាត់ហូលជាដើម។
ក្រុមការងារសារមន្ទីរបានទៅទទួល សមុច្ច័យទាំងនោះនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់មកមានការចុះបញ្ជីរៀបចំអភិរក្ស សម្អាត និងជួសជុល មុននឹងរៀបចំឱ្យមានពិព័រណ៍បង្ហាញដល់សាធារណជនបានទស្សនា។ ក្រណាត់ហូល ផាមួងខ្លះមានអាយុកាលចន្លោះពី៤០ទៅ៦០ឆ្នាំ ដែលពលរដ្ឋបានថែទាំយ៉ាងយកចិត្តទុកដាក់ មុននិងក្នុងសម័យខ្មែរក្រហម។
នេះជាដំណាក់កាលទី១នៃការរៀបចំពិព័រណ៍ដែលលោក សែន គឺមស៊ុន ពន្យល់ថា សារមន្ទីរបានរើស សមុច្ច័យចំនួន២១ក្នុងចំណោម៥១ ហើយនិងមានការបង្ហាញនៅដំណាក់កាលក្រោយៗទៀត។ លោក សែន គឹមស៊ុន អំពាវនាវឱ្យសាធារណចូលទស្សនាក្នុងពិព័រណ៍ដ៏មានសារសំខាន់នេះ ដែលជាផ្នែកមួយក្នុងការឱ្យតម្លៃ និងសិក្សាស្វែងយល់ពីស្នាដៃសិល្បៈនៃហូល ផាមួងរបស់អ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ៕