ភ្នំពេញ៖ រាជរដ្ឋាភិបាលកំណត់យកថ្ងៃទី២៧ ខែមិថុនា ជារៀងរាល់ឆ្នាំ ជា «ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម» ដើម្បីលើកកម្ពស់ និងផ្តល់តម្លៃដល់វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា បង្កើតការងារ ជំរុញការផ្គត់ផ្គង់ខ្សែច្រវ៉ាក់ផលិតកម្ម និងពង្រីកទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។
លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រាប់ស៊ីស៊ីថាមស៍ថា ការដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចយកថ្ងៃទី២៦មិថុនា ជាទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម គឺយោងទៅលើសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលបានកំណត់យកថ្ងៃទី២៧ខែមិថុនា ជារៀងរាល់ឆ្នាំជាទិវារបស់សហគ្រាសមីក្រូ តូច និងមធ្យម របស់ពិភពលោកតែម្ដង ហើយនេះគឺជាចំណុចយោងសំខាន់ទី១។
លោកបន្តថា ទិវានេះ បានបង្ហាញពីការយលចិត្តទុកដាក់ខ្ពស់បន្ថែមទៀត និងឱ្យតម្លៃទៅលើMSMEនៅកម្ពុជាដែលជាឆ្អឹងខ្នងដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិរបស់កម្ពុជា ព្រោះMSMEនៅកម្ពុជាមានប្រមាណជាង៩៩.៨% នៅក្នុងនោះវិស័យនេះបានផ្តល់ការងារប្រមាណជាង៧០%នៃកម្លាំងពលកម្មសរុបនៅកម្ពុជា និងចូលរួមចំណែកប្រមាណជា៥៨%ទៅលើGDPរបស់កម្ពុជា។
គួរបញ្ជាក់ថា បើតាមការអង្កេតរបាយការណ៍ជាតិស្ដីពីការធ្វើបញ្ជីអង្គភាពសេដ្ឋកិច្ចទូទាំងប្រទេសចុងក្រោយនេះនៅឆ្នាំ២០២២ ឃើញថាMSMEនៅកម្ពុជាមានសរុបប្រមាណជាង៧៥ម៉ឺនមូលដ្ឋាន ដែលបានផ្តល់កម្លាំងពលកម្មសរុបជិត៣លាននាក់នៃកម្លាំងពលកម្មសរុបក្នុងស្រុក៕