ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ឡាវនឹងធ្វើការហោះហើរត្រង់ឡើងវិញពី វៀងចន្ទន៍-ភ្នំពេញ-វៀងចន្ទន៍ ចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះតទៅ។ការប្រកាសភ្ជាប់ជើងហោះហើរត្រង់ឡើងវិញនេះ គឺធ្វើឡើងក្រោយពីមានជំនួបពិភាក្សាការងាររវាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោក ថង លុនស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។
យោងតាម លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានគូសបញ្ជាក់ថា ដោយពិនិត្យឃើញគ្រប់យ៉ាងបានដំណើរការជាប្រក្រតីឡើងវិញ ក្នុងនោះវិស័យទេសចរណ៍ និង ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ក្រុមហ៊ុនអាកាសចរណ៍ឡាវជាក្រុមហ៊ុនរបស់រដ្ឋ បានសម្រេចចិត្តធ្វើការហោះត្រង់ឡើងវិញ វៀងចន្ទន៍-ភ្នំពេញ-វៀងចន្ទន៍។ការហោះហើរគ្រោងចាប់ផ្តើមហោះនាថ្ងៃ១៩ ខែមីនា ឆ្នាំ២០២៤ ខាងមុខតទៅ ដោយក្នុងមួយសប្តាហ៍ មានចំនួន៣ជើង គឺថ្ងៃអង្គារ-ព្រហស្បតិ៍ និង សៅរិ៍ ដោយប្រើយន្តហោះ Air Bus320 ឬ ATR 72។
គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ឡាវ ធ្លាប់បានធ្វើការហោះហើរត្រង់លើកំណាត់ផ្លូវវៀងចន្ទន៍-ភ្នំពេញ-វៀងចន្ទន៍ តាំងពីអំឡុងទសវត្សរ៍៨០ រហូតដល់ពាក់កណ្តាលទសវត្សរ៍២០០០។ តែដោយសារកត្តាទីផ្សារបានធ្វើឱ្យការហោះហើរលើកំណាត់ផ្លូវនេះ ត្រូវបានផ្អាកមួយរយៈ ដោយឡែកក្រុមហ៊ុនអាកាសចរណ៍ឡាវបានប្រើប្រាស់សិទ្ធិហោះហើររបស់ខ្លួនលើកំណាត់ផ្លូវនេះ ជាមួយក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Codeshare agreement)។
បើតាមលោក ស៊ីន ចាន់សិរីវុត្ថា ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរ និងវិនិយោគិនបរទេស ក្នុងការធ្វើដំណើរចេញ-ចូលប្រទេសឡាវ ក្រុមហ៊ុនអាកាសចរណ៍ឡាវ បានប្រកាសដាក់ចេញនូវផ្លូវហោះហើរអន្តរជាតិថ្មី នៅក្នុងតំបន់បន្ថែមទៀត ដោយហោះរវាងសុវណ្ណាខេត-បាងកក វៀងចន្ទន៍-ភ្នំពេញ និងវៀងចន្ទន៍-ដាណាង ប្រទេសវៀតណាម។
យោងតាមរបាយការណ៍ សម្រាប់ប្រទេសកម្ពុជាកាលពីឆ្នាំ២០២៣ កន្លងទៅ ឡាវគឺជាភ្ញៀវទេសចរបរទេសធំទី៤ ដែលបានធ្វើដំណើរមកទស្សនៈកិច្ចកម្សាន្តនៅក្នុងប្រទេសកម្ពុជា។ កាលពីឆ្នាំ២០២៣កន្លងទៅនេះ ភ្ញៀវទេសចរឡាវ ដែលបានមកលេងកម្ពុជាមានចំនួនសរុបជាង ៣៧ម៉ឺននាក់ កើនឡើងរហូតដល់ទៅ៣០២%។ ក្រុមហ៊ុនអាកាសចរណ៍ឡាវសង្ឃឹម និងជឿជាក់ថា ភ្ញៀវទេសចរកម្ពុជា និងភ្ញៀវទេសចរបរទេសនឹងចូលរួមគាំទ្រដល់ការហោះហើរត្រង់នេះ៕