ភ្នំពេញ៖អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល អង្គភាពសារព័ត៌មាន ស៊ីស៊ីថាមស៍(The Cambodia China Times)នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានផ្ញើសារអបអរសាទរខួប៦ឆ្នាំនៃការបង្កើតសារព័ត៌មាន ស៊ីស៊ីថាមស៍ ។ក្នុងសារអបអរសាទរនោះ អ្នកឧកញ៉ា ពុង ឃាវសែ បានកោតសរសើរពីការខិតខំប្រឹងប្រែងរបស់អង្គភាពសារព័ត៌មាន ស៊ីស៊ីថាមស៍ និង លើកទឹកចិត្តដល់សហការីទាំងអស់ បន្តខិតខំប្រឹងប្រែង ប្រកាន់ខ្ជាប់នូវតួនាទីការងារ និង ទំនួលខុសត្រូវផ្នែកសារព័ត៌មាន ក្នុងការផលិត និង ផ្សព្វផ្សាយព័ត៌មានប្រកបដោយគុណភាពបន្ថែមទៀត។
ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០១៨ ដល់ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៤ គឺជាខួប៦ឆ្នាំនៃ អង្គភាពសារព័ត៌មាន ស៊ីស៊ីថាមស៍(The Cambodia China Times)។បច្ចុប្បន្ននេះ ស៊ីស៊ីថាមស៍ បានក្លាយជាបណ្តាញព័ត៌មានដ៏មានទំនុកចិត្តផ្តល់ព័ត៌មានអំពីប្រទេសកម្ពុជាទៅដល់អ្នកអានទាំងក្នុងប្រទេសកម្ពុជា និង ជុំវិញពិភពលោក តាមរយៈទំនាក់ទំនងឌីជីថល។
បណ្តាញ សារព័ត៌មានស៊ីស៊ីថាមស៍ ត្រូវបានបង្កើតឡើងដោយ លោក ផ្លុង វិចិត្រ អគ្គនាយកក្រុមហ៊ុនសារព័ត៌មាន ស៊ីស៊ីថាមស៏ ជាយុវជនជនជាតិខ្មែរ។លោក ផ្លុង វិចិត្រ ដើមឡើយគឺជាអតីតអ្នកសារព័ត៌មានភាសាចិនមួយរូបដ៏ឆ្នើម រួមជាមួយនឹងក្រុមយុវជនខ្មែរដែលមានគំនិតដូចគ្នាបានបង្កើតបណ្តាញសារព័ត៌មាន ស៊ីស៊ីថាមស៍ រហូតក្លាយជាដ៏ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា និង គួរឱ្យទុកចិត្ត សម្រាប់អ្នកអានជុំវិញពិភពលោកក្នុងការស្វែងយល់ពីការអភិវឌ្ឍន៍ និង សក្ដានុពលរបស់កម្ពុជា។
ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាល អ្នកឧកញ៉ា ពុង ឃាវសែ បានគូសបញ្ជាក់ថា កាណាឌីយ៉ាគ្រុប តែងតែយកចិត្តទុកដាក់ចំពោះភាពជាសហគ្រិនរបស់យុវជនខ្មែរនៅក្នុងប្រទេសកម្ពុជា ដែលមានឆន្ទៈក្នុងការបង្កើតមុខរបរ ហើយកាណាឌីយ៉ាគ្រុបតែងតែស្ម័គ្រចិត្តធ្វើការវិនិយោគ និង គាំទ្រគម្រោងល្អៗរបស់ពួកគេ។
បើតាមអ្នកឧកញ៉ា ពុង ឃាវសែ កាណាឌីយ៉ាគ្រុប និង អង្គភាពសារព័ត៌មានស៊ីស៊ីថាមស៍(The Cambodia China Times)បានសម្រេចចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការនៅខែកុម្ភៈ ឆ្នាំ ២០១៩ ដើម្បីផ្តល់ធនធានសម្រាប់គម្រោងនេះ និងជួយអោយស្ថាប័នសារព័ត៌មាននេះមានការអភិវឌ្ឍ និង រីកចម្រើន។ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ សារព័ត៌មានស៊ីស៊ីថាមស៍ មានការរីកចម្រើនយ៉ាងឆាប់រហ័ស។
គួរបញ្ជាក់ថា បន្ថែមពីលើការបន្តអភិវឌ្ឍ និង កែលម្អវិធីសាស្រ្តឌីជីថលឥតឈប់ឈរ អង្គភាពសារព័ត៌មានស៊ីស៊ីថាមស៍(The Cambodia China Times)បានពង្រីកប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជា ភាសាចិន និងភាសាខ្មែរ ដើម្បីផ្សាយឱ្យកាន់តែទូលំទូលាយផងដែរ បង្កើនចំនួនអ្នកអានអោយកាន់តែច្រើន និងពីគ្រប់ទិសទី ថែមទាំងពង្រីកឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនបន្ថែមមួយកម្រិតទៀត ហើយនេះក៏ការបង្កើតបានជាគំរូថ្មីសម្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជាផងដែរ។
ប៉ុន្មានឆ្នាំមកនេះ សារព័ត៌មានស៊ីស៊ីថាមស៍ បានបង្ហាញនូវភាពពិសេសរបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវស្មារតីអព្យាក្រឹតភាព និង មិនលំអៀង ហើយដើរតួនាទីរបស់អ្នកសារព័ត៌មានក្នុងស្រុក ធ្វើការរាយការណ៍ និង វិភាគគោលនយោបាយសំខាន់ៗរបស់កម្ពុជា និងបញ្ហាបច្ចុប្បន្នភាពសំខាន់ៗ ជាពិសេសលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាក់ទាញអ្នកវិនិយោគដោយផ្តល់វិធានការលើកទឹកចិត្ត ជួយពាណិជ្ជករ និង អ្នកវិនិយោគបរទេសដែលចាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជាធ្វើការសម្រេចចិត្ត។
អ្នកឧកញ៉ា ពុង ឃាវសែ បានសង្កត់ធ្ងន់ថា បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេល ៦ ឆ្នាំ អង្គភាពសារព័ត៌មានស៊ីស៊ីថាមស៍ បានប្រែក្លាយទៅជាសមាជិកដ៏សំខាន់នៃវិស័យ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកម្ពុជា ហើយអ្នកឧកញ៉ា មានទំនុកចិត្តថា ស៊ីស៊ីថាមស៍ នឹងអភិវឌ្ឍន៍រីកចម្រើនកាន់តែខ្លាំងនៅថ្ងៃអនាគត។
អ្នកឧកញ៉ា លើកទឹកចិត្តដល់សហការីទាំងអស់នៅសារព័ត៌មាន ស៊ីស៊ីថាមស៍ ឱ្យបន្តខិតខំប្រឹងប្រែង ប្រកាន់ខ្ជាប់នូវតួនាទីការងារ និង ទំនួលខុសត្រូវផ្នែកសារព័ត៌មាន ក្នុងការផលិត និង ផ្សព្វផ្សាយព័ត៌មាន ប្រកបដោយគុណភាពបន្ថែមទៀត និង បង្កើតឥទ្ធិពលប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនឲ្យកាន់តែទូលំទូលាយ ចូលរួមអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចរបស់ប្រទេសជាតិ ហើយដើរតួនាទីកាន់តែខ្លាំងក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា និង ប្រទេសចិនផងដែរ៕