ភ្នំពេញ៖ ក្រុមហ៊ុន ជីធីវី ម៉ូធ័រ ខូ អិលធីឌី បានប្រារព្ធពិធីបើក «សម្ពោធ និងបើកសាកល្បងរថយន្ត GTV រថយន្តជាតិ ដំបូងគេបង្អស់របស់កម្ពុជា» ដែលដំឡើង និងផលិតដោយក្រុមហ៊ុន GTV Motor Co., Ltd។ ពិធីសម្ពោធនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ ក្រោមវត្តមានរបស់ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឧកញ៉ាបណ្ឌិត ឃុន ចាន់ថា ប្រធានអគ្គនាយក ក្រុមហ៊ុន GTV MOTOR ឯកឧត្តម ឡៅ ហ៊ីម រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងដៃគូពាក់ព័ន្ធជាច្រើនទៀត។
ឧកញ៉ាបណ្ឌិត ឃុន ចាន់ថា ប្រធានអគ្គនាយក ក្រុមហ៊ុន GTV MOTOR បានលើកឡើងថា កម្មវិធីនេះ នឹងជួយលើកកម្ពស់កិត្យានុភាព ផលិតផលយានយន្តជាតិជាប្រវត្តិសាស្រ្ត សម្រាប់ផ្គត់ផ្គង់ទីផ្សាររថយន្តជូនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងនាំចេញទៅទីផ្សារក្រៅប្រទេសនានា ដែលនឹងជំរុញដល់ការគាំទ្រផលិតផលជាតិ លើកស្ទួយសេដ្ឋកិច្ចជាតិ និង នវានុវត្តន៍ វិស័យឧស្សាហកម្មយានយន្តកម្ពុជាឱ្យកាន់តែប្រសើរ សបញ្ជាក់និងបង្ហាញឱ្យឃើញថា ខ្មែរធ្វើបាន! បង្កើតម៉ាកយីហោរថយន្តជាតិដំបូងគេបង្អស់របស់កម្ពុជា! រថយន្តជាតិ វឌ្ឍនភាពសេដ្ឋកិច្ចជាតិ! មោទនភាពផលិតផលជាតិខ្មែរ!
ប្រធានអគ្គនាយកក្រុមហ៊ុនរូបនេះ សង្ឃឹមយ៉ាងមុតមាំថា GTV នឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល វិស័យឯកជន និងដៃគូសហប្រតិបត្តិការនានា ក្នុង និងក្រៅស្រុក ដើម្បីធ្វើយ៉ាងណាឱ្យរោងចក្រដំឡើងរថយន្ត GTV មួយនេះក្លាយជារោងចក្រ ដែលមានការវិនិយោគយូរអង្វែង និងលើសពីរោងចក្រដែលគ្រាន់តែដំឡើង និងផលិតរថយន្ត តែជារោងចក្រ ដែលមានសមត្ថភាពបន្ថែម ក្នុងការបង្កើតរោងចក្រជាច្រើនទៀត ស្របនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយវិស័យខាងលើឱ្យទៅជា មជ្ឈមណ្ឌលប្រមូលផ្តុំ សកម្មភាពផលិត គ្រឿងបង្គុំយានយន្ត និងបរិក្ខារអេឡិចត្រូនិក សម្រាប់ការនាំចេញទៅទីផ្សារក្នុងតំបន់ និងសកលលោក។
កត្តាដែលធ្វើឱ្យ GTV MOTOR មានសមត្ថភាពដំឡើងរថយន្តរបស់ខ្លួនបានទៅយ៉ាងរលូនបែបនេះ ដោយសារតែ GTV MOTOR មានបទពិសោធច្បាស់លាស់ និងប្រើប្រាស់ស្តង់ដារដំឡើងរថយន្ត ដែលមានស្រាប់ពីអ្វីដែលយើងបានដំឡើងរថយន្តផ្សេងៗឱ្យក្រុមហ៊ុនធំៗជាច្រើនរួចទៅហើយ តួយ៉ាងមានដូចជារថយន្ត VW ជាដើម ដែលជារថយន្តមានយីហោម៉ាកដ៏ល្បីរបស់ប្រទេសអាល្លឺម៉ង់។ សូមជម្រាបផងដែរថា GTV មកពីពាក្យ Grand Touring Vehicle សំដៅដល់យានជំនិះ ឬរថយន្តទេសចរណ៍ ដ៏ស្រស់ស្អាត ដែលមានរូបរាងរចនាប័ទ្មជារថយន្តប្រភេទ Hatchback, Sedan, Coupe, SUV, Pick Up ឬ ជារថយន្ត MPV និង Van ជាដើម។ ជាធម្មតារថយន្តប្រភេទនេះ មានកៅអីចាប់ពីពីរទៅប្រាំពីរកៅអី ឬច្រើនជាងនេះ ប៉ុន្តែ តិចជាងដប់កៅអី ហើយជារថយន្តដែលត្រូវបានរចនាឡើងប្រកបដោយសុវត្ថិភាព និងផាសុកភាព សម្រាប់អ្នករួមដំណើរ និងអ្នកបើកបរ។
គួរបញ្ជាក់ថា ក្រុមហ៊ុន ជីធីវី ម៉ូធ័រ (GTV MOTOR) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២២ ដោយវិនិយោគិនកូនខ្មែរសុទ្ធសាធគឺ លោកឧកញ៉ាបណ្ឌិត ឃុនចាន់ថា ដែលជាប្រធានអគ្គនាយកប្រតិបត្តិ (Executive Chairman) រួមជាមួយនឹងអ្នកវិនិយោគបរទេសមួយចំនួនទៀតនៅកម្ពុជា ដែលមានទំហំទឹកប្រាក់វិនិយោគចំនួនប្រមាណជាង ១៥,៦លានដុល្លារម៉េរិក។ ក្រុមហ៊ុន GTV MOTOR ក៏បាននិងកំពុងរៀបចំនាំចូលនូវគ្រឿងម៉ាស៊ីន សម្ភារបរិក្ខារ វត្ថុធាតុដើម និងគ្រឿងបំណែករថយន្ត (គ្រឿងបង្គុំ CKD Parts និង IKD Parts សរុបជាង៥០០មុខ នៃការដំឡើងរថយន្តសម្រេចក្នុងមួយគ្រឿងៗ) សម្រាប់បម្រើតម្រូវការផលិតកម្មរោងចក្រដំឡើងរថយន្ត ដែលមានទឹកប្រាក់សរុបប្រមាណជា៥០លានដុល្លារអាម៉េរិក។ ក្រុមហ៊ុន GTV MOTOR ត្រូវបានបង្កើតឡើងសម្រាប់បម្រើឱ្យវិស័យរោងចក្រដំឡើងរថយន្តក្នុងស្រុក ជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងជាមូលដ្ឋានគ្រឹះសម្រាប់ឧស្សាហកម្មយានយន្តកម្ពុជា៕