កំពត៖ស្របពេលពិធីបុណ្យចូលឆ្នាំប្រពៃណីចិននឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ សមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជាដែលតែងតែអភិវឌ្ឍការងារសប្បុរសធម៌ បានរៀបចំដំណើរទស្សនកិច្ចទៅកាន់អង្កការភូមិកុមារអេស អូ អេស(SOS) ខេត្តកំពត នារសៀលថ្ងៃទី២ ដើម្បីសួរសុខទុក្ខកុមារកំព្រា និងបានបរិច្ចាកសម្ភារៈសប្បុរសធម៌ប្រកបដោយក្តីស្រលាញ់មួយចំនួនផងដែរ។
ការរៀបចំដំណើរទស្សនកិច្ចទៅកាន់ អង្កការភូមិកុមារ អេស អូ អេស ខេត្តកំពតលើកនេះក្នុងគោលបំណងផ្តល់ក្តីស្រលាញ់ដល់កុមារកំព្រាគ្រប់រូបក្នុងអង្គការភូមិកុមារនេះ ទទួលបានភាពជោគជ័យ មានសុខភាពល្អ ក្នុងឆ្នាំថ្មីនេះ!
លោកវ៉ាង ចេន(Wang Zhen) អគ្គលេខាធិការរងសមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា និងជាប្រធានសាខាខេត្តព្រះសីហនុ បានមានប្រសាសន៍ថា អ្វីដែលមានទំហំធំជាងគេនៅលើសកលលោកនេះគឺមហាសមុទ្រ ហើយអ្វីដែលខ្ពស់ហើយឆ្ងាយបំផុតនេះគឺជាមេឃ តែអ្វីដែលមានភាពអស្ចារ្យបំផុតនោះគឺជាការស្រលាញ់និងការយកចិត្តទុកដាក់រវាងមនុស្សនិងមនុស្ស។
គាត់បានប្រសាសន៍បន្តថា កុមារកំព្រាគឺជាក្រុមមនុស្សដែលខ្សត់ខ្សោយនិងលំបាកបំផុតមួយនៃសង្គម ដែលត្រូវការការថែទាំនិងយកចិត្តទុកដាក់ពីសង្គមទាំងមូល។ ជាច្រើនឆ្នាំមកនេះ សមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា បានប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍការងារសប្បុរសធម៌ប្រកបដោយក្តីស្រលាញ់ ហើយបានបានរៀបចំសកម្មភាពបរិច្ចាគផ្សេងៗជាច្រើនដងដើម្បីផ្តល់ភាពកក់ក្ដៅនិងក្តីស្រលាញ់ការយកចិត្តទុកដាក់ដល់ក្រុមដែលខ្វះខាត ដោយសមាគមសង្ឃឹមថា សិស្សានុសិស្សគ្រប់រូបអាចចូលក្នុងសង្គមប្រកបដោយកតញ្ញូតាធម៌ និងមានក្តីស្រលាញ់នាពេលអនាគត និងបម្រើសង្គមកាន់តែប្រសើរឡើង។
លោកបានសង្ឃឹមយ៉ាងមុតមាំថា តាមរយៈសកម្មភាពមនុស្សធម៍លើកនេះគឺជាការកសាងស្ពាននៃក្តីស្រលាញ់ ផ្តល់ភាពកក់ក្តៅដល់កុមារតូចៗ និងដាំក្តីស្រលាញ់និងក្តីសង្ឃឹមក្នុងដួងចិត្តរបស់កុមារតូចៗទាំងនេះ ដែលពួកគេនឹងក្លាយជាសសរទ្រូងរបស់ប្រទេសជាតិនាពេលអនាគត។
ក្នុងនាមសមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា លោកវ៉ាង ចេនក៏បានជូនពរថ្នាក់ដឹកនាំ និងលោកគ្រូអ្នកគ្រូទាំងអស់នៅក្នុងភូមិកុមារអេស អូ អេស ជួបតែសំណាងល្អក្នុងការងារ និងសុខភាពល្អ និងសូមជូនពរឱ្យកុមាររស់នៅដោយក្តីសប្បាយរីករាយប្រកបដោយសុភមង្គល។
លោក វង និមល ប្រធានស្តីទីនៃអង្គការភូមិកុមារអេស អូ អេស បានមានប្រសាសន៍ថា អង្គការ ភូមិកុមារ អេស អូ អេស ក្នុងខេត្តកំពតត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ហើយបានអនុវត្តគម្រោងចំនួន៤ រួមមាន គម្រោងថែរក្សាកុមារ គម្រោងជួយកុមារក្រីក្រ គម្រោងជួយយុវជន និង គម្រោងចិញ្ចឹមក្មេងដោយសាច់ញាតិ។
លោកបានបន្តថា បច្ចុប្បន្នមានកុមារកំព្រាចំនួន ៥០ នាក់ ដោយក្នុងនោះមានក្មេងស្រី ចំនួន៣០ នាក់ កំពុងត្រូវបានបីបាច់ចិញ្ចឹមនៅទីនេះ ដោយមានមេដោះចំនួន១០ នាក់ និងបុគ្គលិកជាច្រើននាក់ផងដែរ ដោយកុមារកំព្រាទាំងអស់ត្រូវបានមើលថែទាំយ៉ាងល្អ រួមមានអាហារ ការស្នាក់នៅ និងការអប់រំ។
លោកមានប្រសាសន៍ទៀតថា លើសពីនេះទៅទៀត ភូមិកុមារ អេស អូ អេស បានផ្តល់ជំនួយ និងឧបត្ថម្ភដល់កុមារចំនួន ៣៧៦ នាក់ (ស្រី ១៩០ នាក់) មកពីគ្រួសារក្រីក្រចំនួន ២៣០ ក្នុងខេត្តកំពត និងបានផ្តល់ប្រាក់ឧបត្ថម្ភដល់យុវជនចំនួន ១៧ នាក់ដែលកំពុងសិក្សានៅមហាវិទ្យាល័យ ដើម្បីឲ្យពួកគេអាចមានទីពឹងលើខ្លួនឯងបន្ទាប់ពីបញ្ចប់ការសិក្សា។
លោកបានបញ្ជាក់ទៀតថា អង្គការនេះក៏ដំណើរការគម្រោងចិញ្ចឹមក្មេងដោយសាច់ញាតិ ដែលកុមារដែលបានបាត់បង់ឪពុកម្តាយអាចរស់នៅជាមួយសាច់ញាតិរបស់ពួកគេ ដោយបច្ចុប្បន្ននេះ មានកុមារចំនួន ៨៧ នាក់ (ស្រី ៤២ នាក់) ត្រូវបានជ្រើសរើសសម្រាប់គម្រោងនេះ។
សូមបញ្ជាក់ផងដែរថា សម្ភារៈដែលបានបរិច្ចាកដោយសមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជាលើកនេះ រួមមាន៖ សម្ភារៈសិក្សា ទឹកសុទ្ធ អាហារ សម្ភារៈកីឡា អង្ករ ជាដើម ដែលសរុបជាទឹកប្រាក់ចំនួន ១០,០០០ ដុល្លារអាមេរិក៕