ភ្នំពេញ៖សម្តេច ហ៊ុន សែន នៅថ្ងៃទី ២ កុម្ភៈនេះ បានចេញសារបញ្ជាក់ពីស្ថានភាពសុខភាពរបស់សម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្រោយសម្តេចកិតិព្រឹទ្ធបណ្ឌិត បានដួលនៅក្នុងបន្ទប់សម្រាក ហើយត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រ។ការចេញសាររបស់សម្តេចនៅពេលនេះ ធ្វើឡើងក្រោយពីការផ្សព្វផ្សាយព័ត៌មានខុសពីការពិតនៃស្ថានភាពសុខភាពរបស់សម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់សម្តេច ហ៊ុន សែន នៅថ្ងៃនេះ បានគូសបញ្ជាក់ថា សម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន គឺពិតជាដួលក្នុងបន្ទប់សម្រាកធ្វើឱ្យប៉ះដល់ក្បាលដែលចាំបាច់ត្រូវយកទៅពិនិត្យ និង ព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រ។បន្ទាប់ពីការពិនិត្យព្យាបាលដោយយកចិត្តទុកដាក់ពីគ្រូពេទ្យ សុខភាពសម្តេចកិតិព្រឹទ្ធបណ្ឌិតបានល្អប្រសើរ តែមិនទាន់ចាកចេញពីមន្ទីរពេទ្យនៅឡើយ ព្រោះត្រូវរង់ចាំការថតក្បាលជាលើកទី៣ ដើម្បីមើលសរសៃដែលរងនូវការប៉ះទង្គិចនោះ។
សម្តេច ហ៊ុន សែន បានច្រានចោលការបង្កើតនូវព័ត៌មានថា សម្តេចកិតិព្រឹទ្ធបណ្ឌិត កំពុងបញ្ជូនទៅព្យាបាលនៅបរទេស ហើយសម្តេច ឆ្លៀតឱកាសនេះក៏សូមជូនសារទៅពួកអាក្រក់សូមបញ្ឈប់នូវការបំពុលព័ត៌មាន និង សូមយកចិត្តទុកដាក់ ការពារសុខភាពខ្លួនឯងល្អជាងមកគិតពីក្រុមគ្រួសាររបស់សម្តេច។
សម្តេច ហ៊ុន សែន បានព្រះបង្គំអរព្រះគុណថ្វាយហ្លួងម៉ែដែលបានយាងទៅសួរសុខទុក្ខ សម្តេចកិតិព្រឹទ្ធបណ្ឌិត និង អរគុណថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បងប្អូនជនរួមជាតិដែលចូលរួមកង្វល់ពីសុខភាពសម្តេចកិតិព្រឹទ្ធបណ្ឌិត៕