ភ្នំពេញ៖ សភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា(AmCham Cambodia) បានបង្ហាញពីជំហរនៃការបន្តការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស (FDI) មកកម្ពុជា វិស័យធុរកិច្ច អចលនទ្រព្យ និង ការគាំទ្រដល់ស្រ្តី លើផ្នែកភាពជាម្ចាស់នៃសហគ្រាសធន់តូច ការបណ្តុះបណ្តាលនិងអភិវឌ្ឍជំនាញ និងផ្នែកហិរញ្ញវត្ថុជាដើម។ ការបង្ហាញពីជំហរនេះត្រូវបានធ្វើឡើងនាឱកាសពិភាក្សាការងាររវាងសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី០១កុម្ភៈនេះ។
លោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា ក៏បានគោរពជម្រាបជូន សម្ដេច ហ៊ុន ម៉ាណែត អំពីសកម្មភាពការងារមួយចំនួនរបស់ AmCham Cambodia ដែលរួមមាន ការលើកកម្ពស់កិច្ចទំនាក់ទំនងវិនិយោគ និងពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាម៉េរិក ការជំរុញការផ្សព្វផ្សាយអំពីសក្តានុពល និងឱកាសវិនិយោគរបស់កម្ពុជាដល់វិនិយោគិនអាមេរិក និងការជួយកសាងសមត្ថភាព និងភាពជាអ្នកដឹកនាំស្ត្រីជាសហគ្រិន។
សម្ដេច ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងសភាពាណិជ្ជកម្មអាម៉េរិក ប្រចាំនៅកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា និងបានអរគុណចំពោះក្រុមហ៊ុនអាម៉េរិក ដែលតែងតែជឿជាក់និងបានបណ្ដាក់ទុនវិយោគនៅកម្ពុជា ដែលនេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា៕