ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១ កុម្ភៈនេះ បានជួបពិភាក្សាការងារជាមួយក្រុមសភាពាណិជ្ជកម្មអាម៉េរិក។ជំនួបនេះរៀបចំឡើងនៅវិមានសន្តិភាពរបស់ប្រទេសកម្ពុជា ក្នុងគោលបំណងការលើកកម្ពស់កាលានុវត្តភាពធុរកិច្ច, វិនិយោគ និង ពាណិជ្ជកម្ម។
សភាពាណិជ្ជកម្មអាម៉េរិក ដឹកនាំដោយលោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាម៉េរិក ខណៈសម្តេច ហ៊ុន ម៉ាណែត ជាគណធិបតីដឹកនាំក្រុមការងារដោយមានរដ្ឋមន្ត្រីពាក់ព័ន្ធចូលរួម។
សភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា គឺជាអង្គការឯករាជ្យមិនស្វែងរកប្រាក់ចំណេញ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ ដោយមានទាំងក្រុមហ៊ុនអាម៉េរិក និងកម្ពុជា ជាសមាជិក ដែលបានសហការគ្នាក្នុងការលើកកម្ពស់កាលានុវត្តភាពធុរកិច្ច, វិនិយោគ និង ពាណិជ្ជកម្ម, ក៏ដូចជាការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាម៉េរិក។
ក្នុងដំណើរទស្សកិច្ចទៅកាន់ទឹកដីអាម៉េរិកលើកដំបូង សម្តេច ហ៊ុន ម៉ាណែត បានចូលរួមក្នុង វេទិកាធុរកិច្ចអាម៉េរិក-កម្ពុជា នៅទីក្រុងញ៉ូវយ៉ក កាលពីថ្ងៃទី២២ កញ្ញា ២០២៣៕