ភ្នំពេញ៖ ក្រុមអ្នកវិនិយោគពីសហរដ្ឋអាម៉េរិក ជប៉ុន និងបណ្ដាប្រទេសមួយចំនួនទៀត នឹងធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា។នេះបើយោងតាមប្រសាសន៍របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។អ្នកវិនិយោគទាំងនោះ គឺចាប់អារម្មណ៍ខ្លាំងលើការវិនិយោគលើវិស័យកសិកម្មរបស់កម្ពុជាសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និង លើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ប្រមុខរាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា បានគូសបញ្ជាក់ថា នាពេលខាងមុខ ក្រុមអ្នកវិនិយោគពីអាម៉េរិក ជប៉ុន និងបណ្ដាប្រទេសមួយចំនួនទៀត នឹងមកកម្ពុជា ដើម្បីស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា ហើយក្រុមអ្នកវិនិយោគទាំងនោះចាប់អារម្មណ៍ខ្លាំងលើការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។
បើតាមសម្តេចនាយករដ្ឋមន្ត្រី បានចាត់ទុកការចាប់អារម្មណ៍របស់អ្នកវិនិយោគខាងលើ គឺជាឱកាសមួយដែលកម្ពុជាគួរតែសម្រួច និងសិក្សាឱ្យបានច្បាស់ ពីតម្រូវការរបស់ប្រទេសនីមួយៗ ដើម្បីដាក់លក់ផលិតផលឱ្យចំគោលដៅ និងទទួលបានផលឆាប់រហ័សពីដៃគូវិនិយោគ។
សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំបង្កើតនូវក្រុមការងារយុទ្ធសាស្រ្តមួយ ដើម្បីរៀបចំ ពិនិត្យមើលនូវទំនាក់ទំនងពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្ដាប្រទេសមួយចំនួន ក្នុងគោលដៅ ដើម្បីបើកច្រកជូនផលិតផលកសិកម្មរបស់កម្ពុជា។ ការបើកច្រកថ្មី ការបើកទីផ្សារថ្មីនៅប្រទេសនានាបន្ថែមជាការល្អ ប៉ុន្តែសំខាន់ត្រូវថែរក្សាទីផ្សារចាស់ឱ្យបានល្អ និងរឹងមាំ។
យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម ក្នុងរយៈពេល១២ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញកសិផលសរុបចំនួន ៨ ៤៤៩ ៤១៤,៣៦តោន និងមានតម្លៃប៉ាន់ស្មានគិតជាទឹកប្រាក់មានចំនួន ៤ ៣០៦ ៨១០ ២៦៨,៥០ដុល្លារអាម៉េរិក។ ចំណូលសរុបដែលកម្ពុជាទទួលបានពីការនាំចេញកសិផលទាំងនោះមានដូចជា ចំណូលពីការនាំចេញអង្ករមានចំនួន ៥៦៧ ៧១៩ ៣៩៥ដុល្លារអាម៉េរិក, ចំណូលពីការនាំចេញស្រូវមានចំនួន ៩៣៩ ៩៦៥ ៦៨២ដុល្លារអាម៉េរិក, និង ចំណូលពីការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ ៧៩៩ ១២៥ ១៩១,៥០ដុល្លារអាម៉េរិក៕