ស្ទឹងត្រែង៖ រមណីយដ្ឋានអេកូទេសចរណ៍អន្លង់ផ្សោតព្រះរំកិល គឺជារមណីយដ្ឋានបង្កើតឡើងដោយសហគមន៍ កាលពីឆ្នាំ២០០២ ស្ថិតនៅចំណុចអន្លង់ឈើទាល ខេត្តស្ទឹងត្រែង។ អំឡុងខែមិថុនា ឆ្នាំ២០២១ កន្លងទៅ សត្វផ្សោតញីដែលនៅសេសសល់ចុងក្រោយ ក៏បានងាប់បន្តទៀត ដោយសារជាប់មងអ្នកនេសាទ។ ទោះយ៉ាងណា ភ្ញៀវទេសចរក៏នៅតែអាចទៅកំសាន្តនៅទីនោះបានដដែល ដោយប្តូរទៅជាការទស្សនាឆ្អឹងសត្វផ្សោត ដែលដាក់តាំងបង្ហាញនៅទីស្នាក់ការសហគមន៍អេកូទេសចរណ៍អន្លង់ផ្សោតព្រះរំកិល វិញ។
រមណីយដ្ឋានអេកូទេសចរណ៍អន្លង់ផ្សោតព្រះរំកិល គឺជារមណីយដ្ឋានបង្កើតឡើងដោយសហគមន៍ កាលពីឆ្នាំ២០០២ ស្ថិតនៅចំណុចអន្លង់ឈើទាល ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។ រម្មណីយដ្ឋានអេកូទេសចរណ៍នេះ មានបម្រើសេវាកម្មទេសចរណ៍ដូចជា ជូនភ្ញៀវជិះទូកទស្សនាសត្វផ្សោតទន្លេមេគង្គ និងបោះតង់សម្រាកកំសាន្តលើវាលខ្សាច់ តាមកោះនានា ក្នុងទន្លេមេគង្គ។
ទោះជាមានឈ្មោះថា «អន្លង់ផ្សោត» ប៉ុន្តែ អន្លង់ផ្សោតព្រះរំកិលនេះ ពុំមានសត្វផ្សោតរស់នៅច្រើនឡើយ។ មុនឆ្នាំ២០២១ មានសត្វផ្សោតតែ ៣ក្បាលប៉ុណ្ណោះ រស់នៅទីនេះ។ តែគួរឱ្យសោកស្តាយ ដោយមានការរំខានទីជម្រកពីសំណាក់អ្នកនេសាទ និងការប្រែប្រួលលំហូរទឹកពីទំនប់វារិអគ្គីសនី បានបណ្តាលឱ្យសត្វផ្សោតងាប់ជាបន្តបន្ទាប់។ រហូតដល់អំឡុងខែ មិថុនា ឆ្នាំ២០២១ កន្លងទៅនេះ សត្វផ្សោតញីដែលនៅសេសសល់ចុងក្រោយ ទម្ងន់ ១៨០គីឡូក្រាម ប្រវែង ២៣០សង់ទីម៉ែត្រ ក៏បានងាប់បន្តទៀត ដោយសារជាប់មងអ្នកនេសាទ។
ទោះយ៉ាងណា ភ្ញៀវទេសចរក៏នៅតែអាចទៅកំសាន្តនៅទីនោះបានដដែល ដោយប្តូរទៅជាការទស្សនាឆ្អឹងសត្វផ្សោត ដែលដាក់តាំងបង្ហាញនៅទីស្នាក់ការសហគមន៍អេកូទេសចរណ៍អន្លង់ផ្សោតព្រះរំកិល និងផ្ទាំងរូបភាព ដែលបរិយាយអំពីរឿងនិទាននៃដើមកំណើតសត្វផ្សោត ឬក៏ទទួលយកសេវាកម្មជិះទូកកំសាន្ត និងការបោះតង់លើវាលខ្សាច់ តាមកោះនានាៗ ក្នុងទន្លេមេគង្គវិញ។
លោក ផយ វណ្ណា សមាជិកសហគមន៍អេកូទេសចរណ៍អន្លង់ផ្សោតព្រះរំកិល បានឱ្យដឹងថា «យើងបង្វែរសេវាកម្មពីជិះទូកមើលផ្សោត ទៅជាសេវាកម្មជិះទូកមើលដើមឈើធំៗ និងការបោះតង់សម្រាកកំសាន្ត នៅតាមកោះនានា ក្នុងទន្លេមេគង្គវិញ»។ លោក ផយ វណ្ណា បានបន្ថែមថា សហគមន៍អេកូទេសចរណ៍អន្លង់ផ្សោតព្រះរំកិល មិនត្រូវងាប់តាមផ្សោតឡើយ៕
បើយោងតាមការបញ្ជាក់របស់លោក ផយ វណ្ណា មុនឆ្នាំ១៩៩៣ នៅក្នុងតំបន់អន្លង់ផ្សោតព្រះរំកិលនេះ មានដើមឈើទាល តូច-ធំ ដែលមានអាយុរាប់រយឆ្នាំ ជាច្រើនដើម ដុះលើច្រាំងទន្លេ ទើបអ្នកស្រុកហៅទីនេះថា «អន្លង់ឈើទាល»។ បច្ចុប្បន្ននេះ មិនមានដើមឈើទាល នៅសេសសល់ទៀតឡើយ៕