ភ្នំពេញ៖ តំណាងរាជរដ្ឋាភិបាលកម្ពុជា និង តំណាងអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា(World Food Program-WFP) បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀង ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០២៤-២០២៨ ដែលមានទឹកប្រាក់ចំនួន៦៣.៣៧៨.៥០០ ដុល្លារអាម៉េរិក ក្នុងគោលបំណងលើកកម្ពស់របបអាហារ និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងរវាងលោកជំទាវ ស៊ិនទៀង ពុទ្ធិរស្មី រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកស្រី ឃ្លរ ខូណាន់ (Claire Conan) តំណាងអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងការបរទេស។
បើតាមក្រសួង ផែនការយុទ្ធសាស្ត្រសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០២៤-២០២៨ មានទឹកប្រាក់ចំនួន៦៣.៣៧៨.៥០០ ដុល្លារអាមេរិក (ហុកសិបបីលាន បីរយចិតសិបប្រាំបីពាន់ ប្រាំរយដុល្លារអាមេរិក)នឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា តាមរយៈការផ្តល់ជំនួយបច្ចេកទេស និងការផ្តល់ប្រឹក្សាគោលនយោបាយ កិច្ចគាំពារសង្គម ប្រព័ន្ធចំណីអាហារ និងការគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងគោលបំណងលើកកម្ពស់របបអាហារ និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ គម្រោងទាំងនោះស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិកម្ពុជា។
គួរបញ្ជាក់ថា ក្នុងរយៈពេលជាង ៤០ ឆ្នាំកន្លងមកនេះ អង្គការកម្មវិធីស្បៀងអាហារពិភពលោកបានគាំទរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់របបអាហារ និងសន្តិសុខស្បៀង និងអោយសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕