សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានបញ្ចប់ជាស្ថាពរនូវការងារជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី ដោយបានរៀបផ្គុំថ្មទៅតាមលំនាំរូបរាងដើមនៃខ្លោងទ្វារឡើងវិញ ដើម្បីលើកតម្លៃសំណង់បុរាណខ្មែរឲ្យមានលក្ខណៈរឹងមាំឡើងវិញ។ ខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី ត្រូវបានរៀបចំជួសជុលឡើងវិញ ចាប់ពីឆ្នាំ២០២២ និងបានបញ្ចប់ការជួសជុលជាស្ថាពរនាចុងឆ្នាំ២០២៣។
លោកស្រី នេត ស៊ីមន បុរាណវិទូ និងជាអ្នកត្រួតពិនិត្យការដ្ឋានជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី បានលើកឡើងថា ការងារជួសជុលនៅខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តីនេះ ត្រូវបានអនុវត្តចំនួនពីរដំណាក់កាល។ ដំណាក់កាលទីមួយ នៅក្នុងឆ្នាំ២០២០ ចាប់ផ្តើមសិក្សាអំពីរូបរាង សម្រង់ប្លង់ សិក្សាអំពីហានិភ័យរបស់ខ្លោងទ្វារ និងចុះបញ្ជីថ្មនៅរាយប៉ាយជុំវិញខ្លោងទ្វារ។ ដំណាក់កាលទីពីរ ចាប់ពីឆ្នាំ២០២២តទៅ ទើបចាប់ផ្ដើមអនុវត្តគម្រោងជួសជុលពង្រឹង នឹងការងាររុះរើថ្មទាំងអស់ ចាប់ពីគ្រឹះរហូតដល់កំពូលខាងលើ ទើបរៀបចំពង្រឹងគ្រឹះផ្គុំទៅតាមលំនាំដើមវិញ និងបានបញ្ចប់ការជួសជុលជាស្ថាពរនាចុងឆ្នាំ២០២៣។
ក្រោយបញ្ចប់ការងារជួសជុលជាស្ថាពរ លោកស្រី នេត ស៊ីមន បានរំពឹងថា ខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី និងរឹងមាំឡើងវិញ ធានាសុវត្ថិភាពសម្រាប់ទេសចរឆ្លងកាត់ និងចូលមកផ្តិតយករូបភាពដ៏ស្រស់ស្អាតនៅទីនេះ។ ជាពិសេសបានលើកតម្លៃសំណង់បុរាណ រក្សាស្នាដៃទុកជាមរតកសម្រាប់មនុស្សជំនាន់ក្រោយថែមទៀតផង។
គួរបញ្ជាក់ថា ដោយសារកត្តាអាយុកាលនៃសំណង់ ធម្មជាតិ និងមនុស្ស បានធ្វើឱ្យខ្លោងទ្វារខាងលិចរបស់ប្រាសាទបន្ទាយក្តី មុនការងាររុះរើជួសជុលឡើងវិញ មានស្ថានភាពទ្រុឌទ្រោមខ្លំាង តួប៉មខាងលើនៃប្រាង្គកណ្តាលបានរលុះអស់ នៅសល់តែមុខព្រហ្មចំនួនពីរប៉ុណ្ណោះ។ ចំណែកស្លាបសងខាង នៃថ្មដំបូលបានរលុះធ្លាក់អស់មួយចំនួន ហើយថ្មជញ្ជាំងបានក្រៀកហែកស្ទើរតែរលុះធ្លាក់មួយភាគធំ៕