Cctimesw1140xh150cm copy

«ដំបូលខ្លោងទ្វារ»ខាងកើតរបស់ប្រាសាទអង្គរវត្ត ត្រៀមជួសជុលឱ្យរឹងមាំឡើងវិញ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានធ្វើពិធីសែនព្រេនតាមបែបជំនឿសាសនា ដើម្បីសុំសេចក្តីសុខ ក្នុងការរុះរើថ្មដំបូលខ្លោងទ្វារខាងកើតរបស់ប្រាសាទអង្គរវត្ត ដើម្បីជួសជុលឡើងវិញ។ ដំបូលខ្លោងទ្វារ ត្រូវការជួសជុលសង្គ្រោះបន្ទាន់ ដោយសារតែដំបូលនេះ ជាអ័ក្សខ្វែងនៃដំបូលទាំងមូល ដែលត្រូវទ្រនូវរចនាសម្ពន្ធរបស់ដំបូលទាំងអស់ បើកាលណាធ្លាក់បាក់ គឺមិនអាចជួសជុលដំបូលទាំងអស់បានទេ។

មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ លោក ឃាម មុនី មានប្រសាសន៍ថា ក្រុមការងារចាប់ផ្ដើមរុះរើថ្មដំបូលកណ្ដាលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្តនេះ ដោយសារតែថ្មនៅទិសឦសានបែកជាច្រើនបំណែក និងបាក់ធ្លាក់ដោយអន្លើ។ ដំបូលនេះ គឺជាអ័ក្សខ្វែងនៃដំបូលទាំងមូល ដែលត្រូវទ្រនូវរចនាសម្ពន្ធរបស់ដំបូលទាំងអស់ បើកាលណាធ្លាក់បាក់ គឺមានបញ្ហា មិនអាចឱ្យជួសជុលដំបូលទាំងអស់បានទេ ហើយក៏អាចធ្វើឱ្យប៉ះពាល់ដល់ជ្រុងឬជញ្ជាំងដទៃទៀតដែលនៅជុំវិញដែរ។

លោក ឃាម មុនី ឱ្យដឹងទៀតថា ដោយសារតែអាយុកាលនៃសំណង់ បានធ្វើឱ្យថ្មមួយចំនួននៅជ្រុងឦសានពុកផុយ និងមានការខូចខាតនូវរចនាសម្ពន្ធរបស់ដំបូល ដោយដុំថ្មខ្លះក្រៀកចេញពីគ្នា និងមានប្រហោង។ ក្នុងលក្ខណៈដូចនេះ គឺរើថ្មដំបូលដូរថ្មថ្មី១ដុំ និងប៉ះថ្មបែកមួយចំនួន រួចរៀបបញ្ចូលពង្រឹងជ្រុងឦសានឡើងវិញ ទើបអាចបើកឱ្យភ្ញៀវឆ្លងកាត់បាន។

សូមជម្រាបថា ខ្លោងទ្វារខាងកើតរបស់ប្រាសាទអង្គរវត្ត គឺជាច្រកដ៏សំខាន់មួយដែលភ្ញៀវទេសចរតែងតែមកទស្សនាជារៀងរាល់ថ្ងៃ ហើយវាក៏ដំណាងឱ្យច្រកទាំង៤របស់ប្រាសាទអង្គរវត្តដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង