ភ្នំពេញ៖ តំណាងមូលនិធិ GX បានបញ្ជាក់ជំហរយ៉ាងមុតមាំ ក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងពង្រីក គម្រោងលុបបំបាត់ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយ ទៅតាមបណ្ដាខេត្តផ្សេងទៀតតាមការស្នើសុំរបស់ក្រសួងសុខាភិបាល ដើម្បីសម្រេចគោលដៅលុបបំបាត់ភាពពិការភ្នែកដែលអាចបង្ការបាន នាឆ្នាំ២០៣០ នៅកម្ពុជា ខណៈកន្លងមកមូលនិធិនេះធ្លាប់បានបញ្ជូនក្រុមគ្រូពេទ្យមកជួយវះកាត់ជំងឺភ្នែកឡើងបាយ ជូនប្រជាពលរដ្ឋកម្ពុជាបានជិត១ម៉ឺនករណី នៅខេត្តកំពង់ចាម និងព្រៃវែង។ នេះជាការបញ្ជាក់របស់លោក LEUNG Chun-Ying អគ្គនាយកមូលនិធិ GX ទៅកាន់ក្រសួងសុខាភិបាល នាថ្ងៃទី២៩មករានេះ។
នាឱកាសនេះ លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអរគុណដល់មូលនិធិ GX ដែលកន្លងមកបានសហការរួមចំណែកគាំទ្រលើកកំពស់សេវាសុខាភិបាល តាមរយៈការបញ្ជូនក្រុមគ្រូពេទ្យមកជួយវះកាត់ជំងឺភ្នែកឡើងបាយ ជូនប្រជាពលរដ្ឋកម្ពុជាបានចំនួន ៦២០៨ ករណី ក្នុងខេត្តកំពង់ចាម តាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩ និងជួយវះកាត់អ្នកជំងឺ សរុបចំនួន ៣០៤៥នាក់ ក្នុងខេត្តព្រៃវែង ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ មកដល់ខែធ្នូ ឆ្នាំ២០២៣ ក្រោមគម្រោងលុបបំបាត់ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយ ។
លោក ឈាង រ៉ា បានបញ្ជាក់ជំហរបន្តកិច្ចសហប្រតិបត្តិការល្អ លើការពិនិត្យមើលលទ្ធភាពជួយពង្រឹងសេវាសុខភាពភ្នែកនៅតាមបណ្តាលខេត្ត និងមជ្ឈមណ្ឌលថែទាំភ្នែក នៅតាមមន្ទីរពេទ្យស្រុក និងនៅកម្រិតសហគមន៍ តាមរយៈការបំពាក់ឧបករណ៍ បរិក្ខារ និងបច្ចេកវិទ្យាសម្រាប់ពិនិត្យ ព្យាបាល និងវះកាត់ភ្នែកជូនប្រជាជនកម្ពុជា និងការផ្តល់ជំនួយបណ្តុះបណ្តាលជំនាញឯកទេសក្នុងការងារជំងឺគ្រុនឈាម ដើមី្បឈានទៅដល់ការពង្រីកផែនការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាមនៅក្នុងពេលឆាប់ៗខាងមុខនេះបន្ថែមទៀត។
លោក LEUNG Chun-Ying បានបញ្ជាក់ជំហរយ៉ាងមុតមាំរបស់មូលនិធិ ក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងពង្រីក “គម្រោងលុបបំបាត់ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយ “ ទៅខេត្តផ្សេងទៀតតាមការស្នើសុំរបស់ក្រសួងសុខាភិបាល ចូលរួមឈានទៅសម្រេចគោលដៅលុបបំបាត់ភាពពិការភ្នែកដែលអាចបង្ការបាន នាឆ្នាំ២០៣០ នៅកម្ពុជា។ ចំពោះការស្នើគម្រោងជំងឺគ្រុនឈាមគឺ GX Foundation មានឆន្ទៈត្រៀមគាំទ្រដោយសន្យាថានឹងបញ្ជូនក្រុមការងារ GX Foundation សហការជាមួយក្រុមការងារក្រសួងសុខាភិបាលឱ្យចុះពិនិត្យទីតាំងនៅតាមខេត្ត និងមន្ទីរពេទ្យ ដើមី្បរៀបចំគម្រោងក្នុងការជួយបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាមនេះផងដែរ៕