Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រុមហ៊ុនធំមួយរបស់កូរ៉េ គ្រោងបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គសនីនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ CDC)

ភ្នំពេញ៖ មេក្រុមហ៊ុនធំៗកូរ៉េចំនួន២ដូចជា ក្រុមហ៊ុន CAMKO MOTOR COMPANT LTD. និងក្រុមហ៊ុន CAMKO INFRACORE CO., LTD. បានមកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកឱកាសពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត។ ក្នុងនោះ ក្រុមហ៊ុន CAMKO INFRACORE បានបង្ហាញទិសដៅក្នុងការដាក់ទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គសនីនៅកម្ពុជា សម្រាប់នាំចេញទៅទីផ្សារពិភពលោក។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។

បើតាមCDC ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរកម្ពុជា-កូរ៉េ នាពេលកន្លងមក ពិសេសលើសកម្មភាពវិនិយោគ និងការជំរុញឱ្យមានវិនិយោគិនពីក្រុមហ៊ុននានារបស់សាធារណរដ្ឋកូរ៉េ ចូលមកបណ្ដាក់ទុននៅកម្ពុជាបន្ថែមទៀត។

ចំពោះក្រុមហ៊ុន CAMKO MOTOR បច្ចុប្បន្នកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា លើការតម្លើងរថយន្តម៉ាក Hyundai និងផលិតខ្សែភ្លើងអគ្គិសនីសម្រាប់រថយន្ត ដើម្បីនាំចេញ។ ជាមួយគ្នានេះដែរ ចំពោះក្រុមហ៊ុន CAMKO INFRACORE តាមរយៈកិច្ចប្រជុំនេះ បានបង្ហាញទិសដៅក្នុងការដាក់ទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គសនីនៅកម្ពុជា សម្រាប់នាំចេញទៅទីផ្សារពិភពលោក។

ឆ្លៀតក្នុងឱកាសនេះ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានស្នើសុំឱ្យលោក Chung Sye-kyun អតីតនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូរ៉េ ជួយសម្របសម្រួល និងពិនិត្យលទ្ធភាពក្នុងការផ្សព្វផ្សាយអំពីសក្ដានុពលរបស់ប្រទេសកម្ពុជាបន្ថែមទៀតជូនដល់វិនិយោគិនកូរ៉េ ក្នុងគោលដៅដើម្បីពង្រីកសកម្មភាពវិនិយោគរវាងភាគីទាំងពីរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង