ភ្នំពេញ៖ យុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹងនៅពេលយប់សម្រាប់ថ្ងៃទី១នេះ សមត្ថកិច្ចរាជធានីភ្នំពេញរកឃើញអ្នកបើកបរដែលល្មើសជាតិស្រវឹងសរុប២៣គ្រឿង។ យុទ្ធនាការនេះធ្វើឡើងនៅយប់ថ្ងៃទី២៥មករា បន្ទាប់ពីការដាក់បទបញ្ជាដោយផ្ទាល់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមាន ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដឹកនាំអនុវត្តផ្ទាល់។
បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៦មករានេះ ក្រោយការបើកយុទ្ធនាការរឹតបន្តឹងច្បាប់ ចរាចរណ៍ផ្លូវគោកនិងត្រួតពិនិត្យជាតិស្រវឹងនៅពេលយប់។ លទ្ធផលដែលបានអនុវត្តសំរាប់យប់មិញនេះ បានឃាត់យាន្តយន្តសរុប២៣៤គ្រឿងក្នុងនោះមានរថយន្តចំនួន៥គ្រឿង។
សមត្ថិកច្ចបានរកឃើញអ្នកដែលល្មើសជាតិស្រវឹងសរុប២៣គ្រឿង កម្រិតជាអាល់កុលចាប់ពី០,២៥ទៅ០,៣៩មានចំនួន៧គ្រឿងអ្នកបើកបរម៉ូតូចំនួន៤នាក់អ្នកបើកបររថយន្តចំនួន៣នាក់។ ចំណែកកម្រិតជាត់អាល់កុលចាប់ពី០,៤០ឡើងទៅមានចំនួនសរុប១៦គ្រឿងអ្នកបើកបរម៉ូតូចំនួន១៤នាក់ អ្នកបើកបររថយន្តចំនួន២នាក់។ ជាមួយគ្នានោះ សមត្ថកិច្ចបានរកឃើញអ្នកជិះម៉ូតូអត់ពាក់មួកសុវត្ថិភាពមានចំនួន២០៤គ្រឿង កែរឆ្នៃបំពង់ស៊ីម៉ាំង២គ្រឿង ម៉ូតូគ្មានស្លាកលេខ៣គ្រឿង។
ចំពោះយាន្តយន្តនិងអ្នកដែលប្រព្រឹត្តបទល្មើសទាំងអស់សមត្ថកិច្ចបានធ្វើការផាកពិន័យ និងអនុវត្តទៅតាមនិតិវិធីច្បាប់។ ជាមួយគ្នានោះ អ្នកនាំពាក្យស្នងការនគរបាលរាជធានី បានអំពានាវដល់ពលរដ្ឋដែលធ្វើដំណើរនៅតាមដងផ្លូវសាធារណៈ សូមឲ្យមានការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានគ្រប់គ្នា ជាពិសេសនៅក្នុងរាជធានីភ្នំពេញអត្រាគ្រោះថ្នាក់ចរាចរណ៍មានបញ្ហាកើនឡើងនៅពេលយប់ ដូច្នេះសូមឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ និងសូមកុំពិសារគ្រឿងស្រវឹងនៅពេលបើកបរ៕