Cctimesw1140xh150cm copy

អស់លទ្ធភាពចិញ្ចឹមចៅ ស្រ្តីវ័យ៦៤ឆ្នាំ សម្លាប់ចៅខ្លួនឯងយកទៅកប់ក្រោមគំនរថ្ម

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ អគ្គស្នងការនគរបាលជាតិ

កំពង់ស្ពឺ៖ កម្លាំងនៃស្នងការនគរបាលជាតិ សហការជាមួយអង្គការ CPU បានបើកការស្រាវជ្រាវស៊ើបអង្កេត រហូតឈានដល់កំណត់អត្តសញ្ញាណជនសង្ស័យជាស្រ្តីម្នាក់ឈ្មោះ ម៉ុម រឿន អាយុ៦៤ ឆ្នាំ ជាជនដៃដល់សម្លាប់ចៅបង្កើតខ្លួនឯង រួចយកសពទៅកប់នឹងគំនរថ្ម។ ករណីឃាតកម្មនេះកើតឡើងនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពី១១ថ្ងៃមុន ហើយនៅថ្ងៃទី២៣មករា សមត្ថកិច្ចបានស្រាវជ្រាវរកឃើញឃាតករដែលជាជីដូនបង្កើត។

បើតាមកម្លាំងជំនាញ បានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ជីដូនម្នាក់បានដាក់ពាក្យបណ្តឹងទៅកាន់ប៉ុស្តិ៍សមត្ថកិច្ច ពីការបាត់ខ្លួនរបស់ចៅប្រុសឈ្មោះ វណ្ណឌី វីរៈ អាយុ៨ឆ្នាំ។ ហើយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅវេលាម៉ោង៦ និង៣០នាទីល្ងាច សាកសពរបស់ក្មេងប្រុសនេះត្រូវបានប្រទះឃើញដោយមានស្ថានភាពដុំថ្មគ្របពីលើពាក់កណ្តាលខ្លួន នៅលើចង្កេះភ្នំញញ្ញាសេះ ស្ថិតនៅខាងជើងភូមិអូនាងហ៊ីង ស្រុកសំរោងទោង ខេត្តកំពង់ស្ពឺ។

អង្គភាពការពារកុមារ (CPU) បានទទួលដំណឹង និងបានបញ្ជូនក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារប្ចចេកទេសវិទ្យាសាស្រ្ត (FST) ក្នុងកិច្ចសហប្រតិបត្តិការជានាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីដំណើរការស៊ើបអង្កេតទៅលើការស្លាប់នេះ។

ការពិនិត្យកោសល្យវិច្ច័យទៅលើកន្លែងកើតហេតុ និងសាកសព ត្រូវបានធ្វើឡើង ហើយបានបញ្ជាក់ថាកុមាររងគ្រោះពិតជាត្រូវបានគេសម្លាប់និងកប់នៅទីកន្លែងដដែលនោះ។ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ថែមទាំងក្រុមការងាររបស់អង្គភាពការពារកុមារ (CPU) បានធ្វើការសាកសួរទៅលើសាក្សី និងបុគ្គលជាច្រើនរូប។

ក្រោយពីធ្វើការសាកសួរបឋម ឈ្មោះ ម៉ុម រឿន បានសារភាពថាខ្លួនពិតជាបានសម្លាប់ចៅប្រុសពិតប្រាកដមែន ដោយសារខ្លួនគ្មានសមត្តភាពចិញ្ចឹមចៅបន្ត។ បច្ចុប្បន្ន នាយកដ្ឋាននគរនបាលព្រហ្មទណ្ឌ បានប្រគល់ជូនជនសង្ស័យខាងលើទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង