ព្រះសីហនុ៖ នាវាលំដាប់អន្តរជាតិដែលមានឈ្មោះថា Westerdam នៅថ្ងៃទី ២៥ មករានេះ បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ របស់ប្រទេសកម្ពុជាជាថ្មីម្តងទៀត ហើយបាននាំយកភ្ញៀវទេសចរជិត ២ពាន់នាក់។ការចូលមកកម្ពុជានៅពេលនេះ គឺជាលើកទី៣ហើយរាប់ចាប់តាំងពីជំងឺកូវីដ-១៩។
នាវា Westerdam បានចេញមកពីប្រទេសថៃ ហើយបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុរបស់ប្រទេសកម្ពុជា នៅវេលាម៉ោង ៧ និង ៤០នាទីព្រឹក ថ្ងៃព្រហស្បត្តិ៍នេះ។ នាវានេះ បានដឹកភ្ញៀវទេសចរចំនួន ១,៨៧៣ នាក់ ដោយក្នុងនោះមានស្ត្រីចំនួន ៩៨៦ នាក់ ហើយមាន ៤៣សញ្ជាតិ។ ក្នុងនោះដែរ មាននាវិកចំនួន ៧៧៦នាក់, ស្រ្តីចំនួន ១២៨នាក់ និង ៣៧សញ្ជាតិ។ ចំពោះសញ្ជាតិ ដែលមានភ្ញៀវទេសចរច្រើនជាងគេ គឺមកពីសហរដ្ឋអាមេរិកចំនួន ៨៧០នាក់, កាណាដា ២៨៩នាក់ និងចក្រភពអង់គ្លេសចំនួន ១៩១នាក់។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៣កន្លងទៅនេះ នាវាទេសចរណ៍ Westerdam បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ។ នាពេលនោះ គេសង្កេតឃើញ ក្រសួងទេសចរណ៍ បានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីទទួលអ្នកទេសចរ និងការរំលឹកខួប ៣ឆ្នាំ នៃការសុំចតរបស់នាវា Westerdam នេះ។
ក្នុងវិបត្តិជំងឺកូវីដ-១៩ ពោលកាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២០ សម្តេច ហ៊ុន សែន បានសម្រេចឲ្យនាវាទេសចរណ៍ Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ក្រោយពីប្រទេស និងកោះចំនួន ៥ បានបដិសេធលើការស្នើសុំចត ដោយសារខ្លាចឆ្លងជំងឺកូវីដ-១៩ ខណៈពេលនោះ ជំងឺមួយនេះកំពុងមានការរាតត្បាតខ្លាំង៕