ភ្នំពេញ៖ គម្រោង«ស្ពានព្រែកប្រា-ចាក់អង្រែ» ដែលមានតម្លៃប្រមាណ៦០លានដុល្លារអាម៉េរិក ត្រៀមរៀបចំសម្ពោធបើកការដ្ឋាសាងសង់នៅថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២៤ខាងមុខ ហើយនឹងត្រៀមខួងសរសរគ្រឹះទី១ ត្រើយខាងកើត នៅចុងខែមករា ឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់របស់ លោក ផន រឹម អ្នកនាំពាក្យក្រសួងក្រសួងសាធារណការ និង ដឹកជញ្ជូន។
លោក ផន រឹម បានលើកឡើងថា គម្រោង«ស្ពានព្រែកប្រា-ចាក់អង្រែ» អាចជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ និងជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ ក៏ដូចជាកាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់។
គម្រោង«ស្ពានព្រែកប្រា-ចាក់អង្រែ» គឺជាស្ពានទី៦ ក្នុងចំណោមស្ពានដែលបានសាងសង់រួច ៖ ស្ពានឆ្លងកោះពេជ្រ-កោះនរា ស្ពានព្រះមុនីវង្សទាំង២ ស្ពានសំរោង ស្ពានកោះអន្លង់ចិន ស្ពានកោះធំ និង កំពុងសិក្សាមួយទៀតភ្ជាប់ផ្លូវជាតិលេខ២៣។
គម្រោងសាងសង់ស្ពានឆ្លងទន្លេតភ្ជាប់ពី«ព្រែកប្រា-ចាក់អង្រែ» ប្រើឥណទានសម្បទានពីប្រទេសចិន ដែលមានតម្លៃប្រមាណ ៦០លានដុល្លារអាម៉េរិក និង ប្រើពេល៤២ខែ ឬ៣ឆ្នាំកន្លះ។ ស្ពាននេះស្ថាបនាមួយខ្សែ(ដូចស្ពានកោះនរា ឬស្ពានឫស្សីកែវ) ទទឹង ២៧ ម, ៤គន្លងរថយន្ត ,៧ កន្លងម៉ូតូ និង២គន្លងថ្មើជើង ហើយនឹងត្រៀមខួងសសរគ្រឹះទី១ នៅក្នុងមករា ឆ្នាំ២០២៤៕