ភ្នំពេញ៖ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលមានតម្លៃជាង៣០០លានដុល្លារអាម៉េរិក ភ្ជាប់ពីចំណុចផ្សាររាត្រី ឆ្ពោះទៅតំបន់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដោយឆ្លងកាត់ទន្លេសាប និង ទន្លេមេគង្គ កំពុងតែដំណើរការតាមដំណាក់កាលៗ ដោយបញ្ចប់នីតិវិធីនានា នៅអំឡុងត្រីមាសទី១ ឆ្នាំ២០២៤នេះ។នេះបើយោងតាមអ្នកនាំពាក្យក្រសួងក្រសួងសាធារណការ និង ដឹកជញ្ជូន។
លោក ផន រឹម អ្នកនាំពាក្យក្រសួងក្រសួងសាធារណការ និង ដឹកជញ្ជូន បានថ្លែងប្រាប់សារព័ត៌មាន ស៊ីស៊ីថាមស៍ នៅថ្ងៃទី ២៤ មករានេះថា បច្ចុប្បន្ននេះ«គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ»តម្លៃជាង៣០០លានដុល្លារអាម៉េរិក កំពុងតែដំណើរការតាមដំណាក់កាលៗ ដោយបញ្ចប់នីតិវិធីនានា នៅអំឡុងត្រីមាសទី១ ឆ្នាំ២០២៤នេះ។
បើតាមលោក ផន រឹម បច្ចុប្បន្នក្រុមអ្នកជំនាញកំពុងពិនិត្យឡើងវិញសេចក្តីព្រាង, របាយការណ៍វាយតម្លៃបច្ចេកទេស,ពិនិត្យ និងអនុម័តលទ្ធផលវាយតម្លៃ, ដំណើរការចរចាកិច្ចសន្យា..។ល។ទាក់ទងនឹងបើកការដ្ឋានស្ថាបនាផ្លូវការនៃគម្រោងវិញ គឺនៅពុំទាន់កំណត់ពេលវេលាជាក់លាក់នៅឡើយ។
តាមគម្រោងស្ពានមិត្ដភាពកម្ពុជា-កូរ៉េ នឹងត្រូវសាងសង់ចំនួន ២ ខ្សែ ដោយខ្សែទី១តភ្ជាប់ពីខាងមុខផ្សាររាត្រីឆ្លងកាត់ទន្លេសាបទៅកាន់តំបន់ជ្រោយចង្វារ និងខ្សែទី២ តភ្ជាប់ពីជ្រោយចង្វារឆ្លងកាត់ទន្លេមេគង្គទៅអរិយក្សត្រតែម្ដង។ គម្រោងសាងសង់ស្ពានថ្មីនេះគឺទទួលបានប្រាក់កម្ចីពីប្រទេសកូរ៉េ និង បានចុះហត្ថលេខាទទួលកាលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២។
រាជរដ្ឋាភិបាលកម្ពុជា និង ប្រទេសកូរ៉េ បានដាក់ក្តីសង្ឃឹមថា “ស្ពាននេះនឹងជួយរួមចំណែកដល់ការអភិវឌ្ឍរបស់កម្ពុជា និងជានិមិត្តរូបនៃមិត្តភាពកម្ពុជា-កូរ៉េ ហើយប្រទេសទាំងពីរនឹងបន្តពង្រីកកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ ដើម្បីទាក់ទាញក្រុមហ៊ុនកូរ៉េមកវិនិយោគនៅកម្ពុជា និង បន្តពង្រីកលើវិស័យនានាបន្ថែមទៀត ហើយកិច្ចសហប្រតិបតិ្តការដ៏រឹងមាំរវាងប្រទេសទាំងពីរ នឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និង អភិវឌ្ឍនៅតំបន់អាស៊ាន ក៏ដូចជាតំបន់មេគង្គ៕