Img 1426
Swift cc time

«ប្រាង្គកណ្ដាលប្រាសាទតាព្រហ្មកិល»ត្រូវបានបញ្ចប់ការជួសជុលជាស្ថាពរ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ ប្រាង្គកណ្ដាលប្រាសាទតាព្រហ្មកិល ត្រូវបានបញ្ចប់ការងារជួសជុលជាស្ថាពរ ក្រោយពីបានចំណាយពេលវេលាជួសជុលអស់រយៈពេលជាច្រើនខែ នាចុងឆ្នាំ២០២៣កន្លងទៅ។ ប្រាសាទនេះបានរងការខូចខាតទ្រុឌទ្រោមខ្លាំង ដោយសារថ្មខ្លះបានធ្លាក់កប់ដី នៅរាយប៉ាយ ហើយតួរប៉មកណ្តាល បានបាក់រលុះអស់មួយចំហៀង នៅជ្រុងខាងត្បូង និងខាងលិច។ បច្ចុប្បន្នប្រាសាទតាព្រហ្មកិល បានងើបឈរបង្ហាញរូបរាងជាថ្មីឡើងវិញ។

លោក ម៉ៅ សុខនី ប្រធានការដ្ឋានជួសជុលប្រាសាទតាព្រហ្មកិល បានឱ្យដឹងថា នៅក្នុងដំណើរការជួសជុលប្រាសាទតាព្រហ្មកិល បានចែកចេញជាពីរដំណាក់កាល ដោយដំណាក់កាលទីមួយ គឺការសិក្សាស្រាវជ្រាវ គូសប្លង់ និងកំណាយស្រាវជ្រាវ។ ដំណាក់កាលទីពីរ បានចាប់ផ្តើមតាំងពីអំឡុងខែមីនា មកដល់ខែធ្នូ ឆ្នាំ២០២៣ បានបញ្ចប់ការងារជួសជុល ធ្វើឱ្យរចនាសម្ព័ន្ធរបស់ប្រាសាទបានរឹងមាំជាងពេលមុន ដែលធ្លាប់តែទ្រេត បាក់ធ្លាក់ និងទល់ទ្រជាញឹកញាប់។

ប្រធានការដ្ឋានជួសជុលប្រាសាទតាព្រហ្មកិល បានបញ្ជាក់ថា ប្រាសាទនេះបានរងការខូចខាតទ្រុឌទ្រោមខ្លាំង ដោយសារថ្មខ្លះបានធ្លាក់កប់ដី នៅរាយប៉ាយ ហើយតួរប៉មកណ្តាល បានបាក់រលុះអស់មួយចំហៀង នៅជ្រុងខាងត្បូង និងខាងលិច។ ដូច្នេះចំពោះការងារជួសជុលគឺពង្រឹងរចនាសម្ព័ន្ធនៃជ្រុងដែលបាក់ធ្លាក់ឱ្យរឹងមាំឡើងវិញ ដោយមានជំនួសនូវថ្មថ្មីខ្លះៗ។

លោកម៉ៅ សុខនី បន្ថែមថា មកដល់ពេលនេះ ក្រុមការងារកំពុងរៀបចំជាវង់ទស្សនាសម្រាប់ភ្ញៀវ សម្អាតប្រព័ន្ធលូទឹក ដើម្បីឱ្យហូរចូលទៅក្នុងស្រះផ្នែកខាងជើង និងរៀបចំទីធ្លាប្រាសាទឱ្យមានសណ្តាប់ធ្នាប់ឡើងវិញ ដើម្បីងាយស្រួលភ្ញៀវដើរទស្សនាប្រាសាទ។

សូមជម្រាបថា ប្រាសាទតាព្រហ្មកិល មានតួនាទីជាហោសម្រាប់មនុស្សបន់ស្រន់ នៅក្នុងមន្ទីរពេទ្យមួយ ក្នុងចំណោមមន្ទីរពេទ្យទាំង៤ជុំវិញក្រុងអង្គរធំ។ កសាងឡើងក្នុងរាជកាលព្រះបាទជ័យវរ្ម័នទី៧ នាចុងសតវត្សទី១២ នៃគ្រឹស្តរាជ។ ប្រាសាទនេះ មានទីតាំងនៅផ្នែកខាងលិចឈៀងខាងជើង នៃប្រាសាទអង្គរវត្ត៕


Khcct banner

អត្ថបទទាក់ទង