ភ្នំពេញ៖ ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៣ មករា បានករណីជំងឺអុតស្វា ចំនួន១ករណីបន្ថែមទៀត ដែលជាករណីទី៤ កើតលើបុរសម្នាក់ដែលបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ។ ក្រោយរកឃើញជំងឺអុតស្វា ជាករណីទី៤ ក្រសួងសុខាភិបាល ក្រើនរំលឹកដល់ពលរដ្ឋឱ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការនូវការចម្លងជំងឺអុតស្វា។
យោងតាមលទ្ធផល ទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី២៣ មករា បានបញ្ជាក់ថា មានករណីជំងឺអុតស្វា ចំនួន១ករណីបន្ថែមទៀត លើបុរសម្នាក់ដែលបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ ដូច្នេះសរុបជំងឺអុតស្វាដែលបានរកឃើញចំនួន ៤ករណី។ ដូច្នេះក្រសួងសុខាភិបាល ក្រើនរំលឹកពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីបង្ការនូវការចម្លងជំងឺអុតស្វា។
ជាមួយគ្នានោះ ក្រសួងសុខាភិបាល ណែនាំឱ្យពលរដ្ឋចៀសសវាងប៉ះពាល់ផ្ទាល់ ជាមួយអ្នកដែលមានចេញរោគសញ្ញាជំងឺអុតស្វា។ ជាពិសេស ចៀសវាងការប៉ះពាល់ជាមួយសម្លៀកបំពាក់ កម្រាលពូកខ្នើយ ឬកន្សែងពោះគោ ឬ ចាន ស្លាបព្រា ឬពែង ឬផ្ទៃនៃទីតាំង ដែលអ្នកមានជំងឺអុតស្វាប្រើប្រាស់ ក៏ដូចជាចៀសវាងការប៉ះពាល់ជាមួយតំណក់ទឹកចេញពីផ្លូវដង្ហើម ឬសារធាតុរាវតាមមាត់របស់អ្នកជំងឺអុតស្វា និង អនុវត្តអនាម័យដៃដោយលាងសម្អាតដៃជាមួយទឹកនិងសាប៊ូ ឬជែល លាងដៃ ឬអាល់កុលលាងដៃ។
សូមបញ្ជាក់ថា វីរុសអុតស្វា ឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នកជំងឺ អុតស្វានិងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់ តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារប្រើប្រាស់ដែលប្រឡាក់ប្រឡូសជាមួយនឹងវីរុស រួមមាន សម្លៀកបំពាក់ ពូក កន្សែង ឬសម្ភារ ស្លាបព្រាចាន កែវទឹក។ លើសពីនេះ វីរុសអុតស្វា ឆ្លងពីម្តាយទៅកូនតាមរយៈទងសុក ក្នុងអំឡុងពេលឬក្រោយពេលសម្រាល តាមរយៈ ការប៉ះផ្ទាល់ បើស្ត្រីមានផ្ទៃពោះឬឪពុកម្តាយមានជំងឺអុតស្វា៕